ឯកឧត្តម ជា សុមេធី និងឯកឧត្តម សួន សុម៉ាលីន អញ្ជើញបើកព្រឹត្តិការណ៍ប្រណាំងទូក «ង» ខេត្តព្រៃវែង ឆ្នាំ២០២៦ ក្រោមបរិយាកាសសប្បាយរីករាយ និងស្មារតីសាមគ្គីភាព!
ព្រៃវែង៖ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអតីតអភិបាលខេត្តព្រៃវែង រួមជាមួយឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំក្រសួង និងរដ្ឋបាលខេត្ត បានអញ្ជើញចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍ប្រណាំងទូក «ង» ខេត្តព្រៃវែង ឆ្នាំ២០២៦ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងអ្នកទស្សនាជាច្រើនរូប ប្រកបដោយបរិយាកាសសប្បាយរីករាយ និងភាពអធិកអធម។ព្រឹត្តិការណ៍ប្រណាំងទូក «ង» នេះ មិនត្រឹមតែជាព្រឹត្តិការណ៍កីឡាប្រពៃណីដែលប្រជាពលរដ្ឋទន្ទឹងរង់ចាំប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដ៏មានអត្ថន័យក្នុងការលើកកម្ពស់សាមគ្គីភាព ឯកភាព និងមិត្តភាពរវាងសហគមន៍ ព្រមទាំងចូលរួមថែរក្សា និងលើកស្ទួយប្រពៃណី វប្បធម៌ខ្មែរ ដែលជាមរតកដ៏មានតម្លៃរបស់ជាតិផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តម ជា សុមេធី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ដែលបានខិតខំប្រឹងប្រែងសហការរៀបចំព្រឹត្តិការណ៍នេះឡើងឱ្យប្រព្រឹត្តទៅដោយរលូន។ ជាមួយគ្នានេះ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុន វឌ្ឍនៈ សប្បុរសជន និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមឧបត្ថម្ភគាំទ្រ ព្រមទាំងអរគុណដល់បងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមយ៉ាងច្រើនកុះករ បង្កើតបានជាបរិយាកាសរីករាយ និងមានភាពរស់រវើក។
ជាមួយគ្នានេះ ឯកឧត្តម ជា សុមេធី តែងតែយកចិត្តទុកដាក់ផ្ដល់អនុសាសន៍ណែនាំសំខាន់ៗដល់គណៈគ្រប់គ្រងទូក «ង» និងកីឡាករតំណាងទូកទាំងអស់ ដើម្បីឱ្យការប្រកួតប្រព្រឹត្តទៅដោយសុវត្ថិភាព មានវិន័យ និងស្មារតីកីឡាខ្ពស់។
អនុសាសន៍សំខាន់ៗទាំងនោះ រួមមាន៖
ទី១៖ រក្សាសាមគ្គីភាព និងឯកភាពផ្ទៃក្នុង។ កីឡាករទាំងអស់ត្រូវចេះស្រឡាញ់ រាប់អាន យោគយល់អធ្យាស្រ័យ និងសហការគ្នាឱ្យបានល្អ ដើម្បីបង្កើនកម្លាំងសាមគ្គីភាព និងប្រសិទ្ធភាពក្នុងការប្រកួត។
ទី២៖ គោរពវិន័យ និងបទបញ្ជានៃការប្រកួត។ ត្រូវប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ និងសេចក្ដីថ្លៃថ្នូររបស់កីឡាករ ព្រមទាំងគោរពតាមបទបញ្ជា និងការណែនាំរបស់គណៈកម្មការរៀបចំការប្រកួតឱ្យបានខ្ជាប់ខ្ជួន។
ទី៣៖ យកចិត្តទុកដាក់លើសុខភាព និងសុវត្ថិភាព។ កីឡាករត្រូវថែរក្សាសុខភាព បរិភោគអាហារឱ្យបានត្រឹមត្រូវ សម្រាកឱ្យគ្រប់គ្រាន់ និងប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពលើផ្ទៃទឹក ដើម្បីបង្ការហានិភ័យដែលអាចកើតមានក្នុងអំឡុងពេលប្រកួត។
ទី៤៖ ប្រកួតដោយស្មារតីកីឡា និងភាពស្មោះត្រង់។ កីឡាករត្រូវប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដោយប្រកាន់ខ្ជាប់នូវគោលការណ៍យុត្តិធម៌ មិត្តភាព និងការគោរពគ្នាទៅវិញទៅមក ដើម្បីដណ្ដើមយកកិត្តិយស និងជ័យជម្នះជូនក្រុមទូក ស្រុកកំណើត និងខេត្តព្រៃវែង។
ការរៀបចំព្រឹត្តិការណ៍ប្រណាំងទូក «ង» ខេត្តព្រៃវែង ឆ្នាំ២០២៦ នេះ គឺជាការបង្ហាញពីការចូលរួមរួមគ្នារបស់ថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ច វិស័យឯកជន សប្បុរសជន និងប្រជាពលរដ្ឋ ក្នុងការថែរក្សាប្រពៃណីជាតិ លើកកម្ពស់វិស័យកីឡា និងពង្រឹងចំណងសាមគ្គីភាពក្នុងសង្គម។
សូមឱ្យព្រឹត្តិការណ៍ប្រណាំងទូក «ង» ខេត្តព្រៃវែង ឆ្នាំ២០២៦ ប្រព្រឹត្តទៅដោយជោគជ័យ សុវត្ថិភាព និងពោរពេញដោយស្មារតីសាមគ្គីភាព មិត្តភាព និងភាពរីករាយ ដើម្បីរួមគ្នាថែរក្សាមរតកវប្បធម៌ដ៏ផូរផង់របស់ខ្មែរ ឱ្យស្ថិតស្ថេរគង់វង្សតទៅអនាគត។
អត្ថបទ៖ ព្រុំសុជា ហតញូស៍ (PSC News)





