មិនទុកឱ្យពលរដ្ឋរងគ្រោះឯកោ! ឯកឧត្តម ជា សុមេធី ចាត់តាំង លោក យស ស៊ីណាត នាំយកអំណោយកាកបាទក្រហម ទៅជូតទឹកភ្នែកគ្រួសារក្រីក្រមានកូនពិការ ៣នាក់ ដល់ផ្ទះ។
(ខេត្តព្រៃវែង)៖ ទឹកភ្នែកនៃក្តីរំភើប និងភាពកក់ក្តៅបានហូរស្រក់នៅលើផ្ទៃមុខប្តីប្រពន្ធកម្សត់មួយគូ ដែលកំពុងលីកូនប្រុសពិការក្នុងបន្ទុកស្របពេលជីវភាពខ្វះខាតយ៉ាងខ្លាំង ក្រោយពីទទួលបានការគិតគូរ និងយោគយល់សុខទុក្ខយ៉ាងដិតដល់ពីសំណាក់ថ្នាក់ដឹកនាំ។ដោយមានការយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចាត់តាំងលោក យស ស៊ីណាត ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកពាមជរ ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជាបន្ទាន់ ជូនដល់គ្រួសារដែលមានជីវភាពខ្វះខាតខ្លាំង និងមានកូនប្រុសពិការរហូតដល់ទៅ ០៣នាក់ ចំនួន ០១គ្រួសារ ដែលកំពុងរស់នៅភូមិដីស្រុត ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង។
នៅក្នុងឱកាសនោះ លោក យស ស៊ីណាត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីអាណិតស្រឡាញ់ជាពន់ពេកពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី ជូនចំពោះគ្រួសាររងគ្រោះ។
ថ្វីត្បិតតែឯកឧត្តមជាប់ភារកិច្ចមមាញឹក មិនបានចុះមកដោយផ្ទាល់ ប៉ុន្តែចិត្តនិងបេះដូងរបស់ឯកឧត្តម គឺតែងតែនៅជាប់ជាមួយបងប្អូនប្រជាពលរដ្ឋជានិច្ច ជាពិសេសគ្រួសារដែលកំពុងជួបការលំបាកទ្វេដងបែបនេះ ដោយមិនទុកឱ្យពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយ ដោយគ្មានការជួយជ្រោមជ្រែងនោះឡើយ។
អំណោយមនុស្សធម៌ដែលបាននាំយកទៅប្រគល់ជូនរួមមាន៖
រទេះជនពិការ ០៣គ្រឿង
-អង្ករ ៥០គីឡូ.ទឹកសុទ្ធវីតាល់ ០១កេស ប្រេងឆា១ដប. ទឹកត្រី ០១យួរ. ត្រីខ ១យួរ ។
-ថវិការបស់អនុសាខា ផ្តល់ជូនចំនួន១៥០,០០០រៀល
-ថវិកាកាកបាទក្រហមឃុំ ផ្តល់ជូន
ចំនួន ១០០,០០០រៀល។
ដើម្បីជួយសម្រាលការលំបាកចំពោះមុខ។
ស្តែងចេញពីទឹកចិត្តមនុស្សធម៌ដ៏បរិសុទ្ធនេះ គ្រួសារកម្សត់ខាងលើបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម ជា សុមេធី និងក្រុមការងារអនុសាខាកាកបាទក្រហមស្រុកពាមជរ ដែលបានមើលឃើញពីទុក្ខលំបាក និងបានមកជួយសង្គ្រោះទាន់ពេលវេលា ប្រៀបដូចជាបានផ្តល់ជីវិតទីពីរដល់ពួកគាត់ និងកូនៗពិការទាំង ៣នាក់អញ្ចឹង។









