ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីភាពក្នុងពិធីបិទព្រឹត្តិការណ៍ប្រណាំងទូក «ង» ខេត្តព្រៃវែង ឆ្នាំ២០២៦ ក្រោមបរិយាកាសអធិកអធម និងសប្បាយរីករាយ!
ព្រៃវែង៖ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ព្រមទាំងលោកជំទាវ ជុន បូរ៉ានី បានអញ្ជើញចូលរួមក្នុងពិធីបិទព្រឹត្តិការណ៍ប្រណាំងទូក «ង» ខេត្តព្រៃវែង ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង។ពិធីនេះបានប្រព្រឹត្តទៅនៅតាមបណ្ដោយមាត់ទន្លេ ចំណុចចុងប៉ម ភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះសង្ឃ ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង ថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក គណៈប្រតិភូអមដំណើរ និងក្រុមគ្រួសាររបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ព្រមទាំងព្រះគ្រូចៅអធិការវត្ត និងថ្នាក់ដឹកនាំមន្ត្រីរាជការជាច្រើនរូប។
ក្នុងឱកាសនោះ ក៏មានការចូលរួមពីឯកឧត្តមប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នាយក និងនាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី ប្រធានអង្គភាពពន្ធនាគារ ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត ប្រធានក្រុមប្រឹក្សាក្រុង ស្រុក អភិបាលក្រុង ស្រុក មន្ត្រីរាជការនៃរដ្ឋបាលខេត្ត មេឃុំ ចៅសង្កាត់ ក្រុមហ៊ុន សហគ្រាសឯកជន ព្រមទាំងកីឡាករ និងក្រុមទូកប្រណាំងជាច្រើនផងដែរ។
ព្រឹត្តិការណ៍ប្រណាំងទូក «ង» ខេត្តព្រៃវែង ឆ្នាំ២០២៦ គឺជាព្រឹត្តិការណ៍ប្រពៃណីដ៏មានសារៈសំខាន់ ដែលបង្ហាញពីការរក្សាតម្លៃវប្បធម៌ និងប្រពៃណីជាតិ ព្រមទាំងជាឱកាសជួបជុំរបស់ប្រជាពលរដ្ឋមកពីគ្រប់មជ្ឈដ្ឋាន ដើម្បីចូលរួមអបអរសាទរ លើកកម្ពស់សាមគ្គីភាព និងភាពស្និទ្ធស្នាលក្នុងសង្គម។
ការចូលរួមរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ វិស័យឯកជន និងប្រជាពលរដ្ឋក្នុងព្រឹត្តិការណ៍នេះ ក៏បានបង្ហាញពីស្មារតីសហការរួមគ្នាក្នុងការថែរក្សាប្រពៃណីដ៏ល្អផូរផង់ និងជំរុញឱ្យព្រឹត្តិការណ៍វប្បធម៌ប្រពៃណីនៅខេត្តព្រៃវែងបន្តមានភាពរស់រវើក និងទាក់ទាញការចូលរួមពីសំណាក់ប្រជាពលរដ្ឋគ្រប់វ័យ។
ដោយ៖ ក្រុមការងារសារព័ត៌មាន ព្រុំសុជា ហតញូស៍ (PSC News)



















