គណៈបញ្ជាការឯកភាពខេត្តព្រៃវែង បើកកិច្ចប្រជុំធំ ពិនិត្យសន្តិសុខ សណ្ដាប់ធ្នាប់ គម្រោងមូលនិធិឃុំ និងបញ្ហាប្រឈមនៅមូលដ្ឋាន!
ព្រៃវែង៖ រសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែង នៅសាលប្រជុំធំ «A» នៃសាលាខេត្តព្រៃវែង ដើម្បីពិនិត្យវឌ្ឍនភាពការងារ បញ្ហាប្រឈម និងលើកទិសដៅអនុវត្តការងារបន្តឱ្យកាន់តែមានប្រសិទ្ធភាព។កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងឯកឧត្តមប្រធានសាលាដំបូងខេត្ត តំណាងឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានពន្ធនាគារខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែកចំណុះសាលាខេត្ត អភិបាលក្រុង ស្រុកទាំង១៣ ប្រធានលេខាធិការដ្ឋានបោះឆ្នោតខេត្ត ប្រធានសាខាគយ និងរដ្ឋាករខេត្ត ប្រធានគយចល័តផ្លូវជាតិលេខ១ និងលេខ៨ ប្រធានច្រកទ្វារព្រំដែនទាំង៦ មេធាវីប្រចាំរដ្ឋបាលខេត្ត អធិការនគរបាលក្រុង ស្រុក មេបញ្ជាការកងរាជអាវុធហត្ថក្រុង ស្រុក មេបញ្ជាការផ្នែកសឹករងក្រុង ស្រុក ព្រមទាំងមេឃុំ ចៅសង្កាត់ និងស្មៀនឃុំ សង្កាត់ សរុបចំនួន ៣៨៥រូប។
ក្នុងកិច្ចប្រជុំ អង្គប្រជុំបានពិភាក្សា និងធ្វើបទអន្តរាគមន៍លើបញ្ហាសំខាន់ៗពាក់ព័ន្ធនឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការផ្តល់អត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋនៅទូទាំងខេត្តព្រៃវែង ព្រមទាំងពិនិត្យលទ្ធផលការងារដែលសម្រេចបាន បញ្ហាប្រឈម និងទិសដៅការងារបន្តរបស់មន្ទីរជំនាញពាក់ព័ន្ធ។
ជាមួយគ្នានេះ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានធ្វើបទអន្តរាគមន៍បង្ហាញអំពីលទ្ធផលការងារដែលសម្រេចបាន បញ្ហាប្រឈម និងទិសដៅអនុវត្តការងារបន្ត ដើម្បីធានាឱ្យការអនុវត្តការងារតាមវិស័យជំនាញមានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។
អង្គប្រជុំក៏បានស្តាប់បទអន្តរាគមន៍ពីអភិបាលស្រុកមេសាង និងអភិបាលស្រុកស៊ីធរកណ្ដាល ស្តីពីសមិទ្ធផលការងារដែលសម្រេចបាន និងបញ្ហាប្រឈមក្នុងការគ្រប់គ្រង និងអភិវឌ្ឍមូលដ្ឋាន ព្រមទាំងបានពិនិត្យលើការអនុវត្តគម្រោងមូលនិធិឃុំ និងនីតិវិធីដេញថ្លៃគម្រោង ពាក់ព័ន្ធនឹងលទ្ធផល និងគុណភាពនៃការអនុវត្តគម្រោងមូលនិធិឃុំ តាមរយៈបទអន្តរាគមន៍របស់មេឃុំបាបោង ស្រុកពាមរក៍ និងមេឃុំជាច ស្រុកកំចាយមារ។
ក្រៅពីនេះ សមាជិក សមាជិកា នៃអង្គប្រជុំបានចូលរួមផ្តល់មតិយោបល់ ពិភាក្សា និងលើកឡើងនូវបញ្ហាប្រឈមផ្សេងៗដែលពាក់ព័ន្ធនឹងការងាររដ្ឋបាល ការអនុវត្តការងារនៅមូលដ្ឋាន និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយ និងលើកកម្ពស់ប្រសិទ្ធភាពការងាររបស់រដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងការសហការរវាងអាជ្ញាធរ កងកម្លាំង មន្ទីរ-អង្គភាព និងរដ្ឋបាលមូលដ្ឋាន ក្នុងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម ព្រមទាំងជំរុញការអនុវត្តការងារអភិវឌ្ឍន៍ និងការផ្តល់សេវាសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងឆ្លើយតបបានល្អប្រសើរចំពោះសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅទូទាំងខេត្តព្រៃវែង។



