ខេត្តព្រៃវែងត្រៀមរៀបចំព្រឹត្តិការណ៍ប្រណាំងទូក ង រយៈពេល២ថ្ងៃ ដើម្បីលើកកម្ពស់សកម្មភាពវប្បធម៌ ប្រពៃណី និងទាក់ទាញប្រជាពលរដ្ឋចូលរួម!
ព្រៃវែង៖ ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ប្រណាំងទូក ង ឱ្យប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព សណ្តាប់ធ្នាប់ និងអធិកអធម ព្រមទាំងបង្កើតបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ អាជ្ញាធរខេត្តព្រៃវែងបានបន្តពង្រឹងការរៀបចំ និងត្រៀមលក្ខណៈសម្បត្តិគ្រប់ផ្នែកសម្រាប់ព្រឹត្តិការណ៍ដ៏សំខាន់នេះ។ជាក់ស្តែង នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំពហុបំណង «B» សាលាខេត្តព្រៃវែង ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ប្រណាំងទូក ង នៅខេត្តព្រៃវែង ដែលគ្រោងនឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺថ្ងៃទី២៤-២៥ ខែតុលា ឆ្នាំ២០២៦។
ព្រឹត្តិការណ៍នេះនឹងរៀបចំឡើងនៅតាមបណ្តោយមាត់ទន្លេ «ចុងប៉ម» ស្ថិតក្នុងភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ដែលជាព្រឹត្តិការណ៍មានគោលបំណងចូលរួមអភិរក្ស និងលើកកម្ពស់ប្រពៃណីវប្បធម៌ខ្មែរ ព្រមទាំងបង្កើតឱកាសឱ្យប្រជាពលរដ្ឋបានចូលរួមកម្សាន្ត និងជួបជុំគ្នាប្រកបដោយភាពសប្បាយរីករាយ។
ក្នុងកិច្ចប្រជុំនេះ អាជ្ញាធរខេត្តក៏បានត្រៀមរៀបចំកម្មវិធីចុះសួរសុខទុក្ខ វីរៈកងទ័ពនៅសមរភូមិជួរមុខ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ និងការគាំទ្រចំពោះកងកម្លាំងដែលបំពេញបេសកកម្មការពារជាតិ និងសន្តិសុខនៅតំបន់ជួរមុខ។
កិច្ចប្រជុំមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយក និងនាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបីប្រភេទប្រចាំខេត្ត តំណាងប្រធានពន្ធនាគារខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុកទាំង១៣ នាយកទីចាត់ការ ប្រធានអង្គភាព និងប្រធានផ្នែកចំណុះសាលាខេត្ត។
ការត្រៀមរៀបចំយ៉ាងម៉ត់ចត់ពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ ត្រូវបានរំពឹងថា នឹងជួយធានាឱ្យព្រឹត្តិការណ៍ប្រណាំងទូក ង នៅខេត្តព្រៃវែង ប្រព្រឹត្តទៅដោយរលូន មានសុវត្ថិភាព សណ្តាប់ធ្នាប់ និងអាចទទួលបានការចូលរួមយ៉ាងច្រើនកុះករពីប្រជាពលរដ្ឋនៅក្នុងខេត្ត និងភ្ញៀវមកពីតំបន់ផ្សេងៗ។
ជាមួយគ្នានេះ អាជ្ញាធរខេត្តព្រៃវែងក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ និងអ្នកចូលរួមទាំងអស់ ចូលរួមថែរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព និងបរិស្ថាន ដើម្បីឱ្យព្រឹត្តិការណ៍នេះក្លាយជាព្រឹត្តិការណ៍ដ៏មានអត្ថន័យ សម្រាប់ប្រជាពលរដ្ឋ និងជាការរួមចំណែកលើកស្ទួយវប្បធម៌ ប្រពៃណី និងសក្តានុពលរបស់ខេត្តព្រៃវែង។




