ឯកឧត្តម សួន សុម៉ាលីន ចុះពិនិត្យផ្លូវលំរងការខូចខាតដោយសាររដូវវស្សា និងណែនាំជំរុញការជួសជុល ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ!
ព្រៃវែង៖ នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង រួមជាមួយថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ អភិបាលស្រុកព្រះស្ដេច និងមេឃុំពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យស្ថានភាពផ្លូវលំមួយចំនួន ដែលកំពុងរងផលប៉ះពាល់ និងខូចខាតដោយសារស្ថានភាពភ្លៀងធ្លាក់ក្នុងរដូវវស្សា ស្ថិតក្នុងភូមិសាស្ត្រស្រុកព្រះស្ដេច ខេត្តព្រៃវែង។ក្នុងឱកាសចុះពិនិត្យផ្ទាល់នៅមូលដ្ឋាន ឯកឧត្តមអភិបាលខេត្តបានណែនាំដល់ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ឱ្យរៀបចំនាំយកគ្រឿងចក្រចុះត្រួសត្រាយ និងសម្រួលផ្លូវដែលរងការខូចខាត ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងការប្រកបមុខរបររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ឱ្យបានទាន់ពេលវេលា។
ការចុះពិនិត្យនេះ ក៏ជាផ្នែកមួយនៃការយកចិត្តទុកដាក់លើស្ថានភាពហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ជាពិសេសផ្លូវលំដែលប្រជាពលរដ្ឋប្រើប្រាស់ជាប្រចាំ ខណៈរដូវវស្សាអាចបង្កឱ្យផ្លូវមួយចំនួនរងការខូចខាត និងប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
បន្ទាប់ពីពិនិត្យស្ថានភាពផ្លូវលំ ឯកឧត្តម សួន សុម៉ាលីន និងក្រុមការងារ ក៏បានបន្តចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធ និងស្ថានភាពទូទៅនៅក្នុងបរិវេណ សាលាឃុំរាធរ និងសាលាឃុំបឹងដោល ដើម្បីពិនិត្យមើលតម្រូវការ និងស្ថានភាពជាក់ស្តែងនៅមូលដ្ឋានផងដែរ។
ការចុះពិនិត្យជាក់ស្តែងរបស់ថ្នាក់ដឹកនាំខេត្តនៅមូលដ្ឋាននេះ បានបង្ហាញពីការយកចិត្តទុកដាក់លើបញ្ហាហេដ្ឋារចនាសម្ព័ន្ធដែលប្រជាពលរដ្ឋជួបប្រទះជាក់ស្តែង និងការណែនាំឱ្យមន្ត្រីជំនាញចាត់វិធានការសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងសមស្របតាមស្ថានភាពជាក់ស្តែង។








