ពលរដ្ឋលែងអត់ទ្រាំ! វង់ល្បែងជល់មាន់អនឡាញដុះស្លែនៅសង្កាត់ត្រពាំងក្រសាំង បើកលេងយ៉ាងអនាធិបតេយ្យ... តើជា «ឆ្នាំងបាយ» របស់អាជ្ញាធរមូលដ្ឋានមែនទេ បានជាមើលមិនឃើញ?[រាជធានីភ្នំពេញ]៖ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ខណ្ឌពោធិ៍សែនជ័យ កំពុងតែសម្ដែងការមិនពេញចិត្ត និងរិះគន់ចំៗទៅលើអាជ្ញាធរមូលដ្ឋាន ក្រោយពីបណ្តោយឱ្យមានទីតាំងល្បែងស៊ីសងភ្នាល់មាន់ជល់តាមអនឡាញមួយកន្លែង ដុះស្លែ និងកំពុងបើកដំណើរការលេងយ៉ាងអនាធិបតេយ្យ ផ្គើននឹងច្បាប់ ក៏ដូចជាគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពយ៉ាងខ្លាំង។
ប្រភពពីប្រជាពលរដ្ឋបានរាយការណ៍ថា ទីតាំងល្បែងស៊ីសងមាន់ជល់អនឡាញនេះ ស្ថិតនៅភូមិសាមគ្គី២ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជារៀងរាល់ថ្ងៃ មានមនុស្សម្នាចូលទៅលេងយ៉ាងពពាក់ពពូន បង្កការរំខាន និងធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់ សន្តិសុខនៅក្នុងសហគមន៍យ៉ាងធ្ងន់ធ្ងរ។
អ្វីដែលធ្វើឱ្យមហាជនហួសចិត្ត និងដាក់ការសង្ស័យនោះគឺ ទីតាំងល្បែងនេះបើកលេងជាចំហរ និងមានលក្ខណៈទ្រង់ទ្រាយធំចុះឡើងៗ បែរជាអាជ្ញាធរមានសមត្ថកិច្ច និងនគរបាលរដ្ឋបាលប៉ុស្តិ៍សង្កាត់ត្រពាំងក្រសាំង ហាក់បីដូចជាមើលមិនឃើញ ឬធ្វើជាធ្មេចភ្នែកដេកលក់ទៅវិញ? ករណីនេះបានធ្វើឱ្យប្រជាពលរដ្ឋដាក់ការសង្ស័យយ៉ាងខ្លាំងថា៖ «តើទីតាំងល្បែងស៊ីសងអនឡាញមួយនេះ ជារបប ឬជាឆ្នាំងបាយរបស់អស់លោកអាជ្ញាធរមូលដ្ឋានជើងក្រោមទេដឹង? បានជាមិនហ៊ានកម្រើក ឬចុះបង្ក្រាបបែបនេះ?»។
ប្រជាពលរដ្ឋលើកដៃសំពះ គោរពស្នើសុំកិច្ចអន្តរាគមន៍ពីថ្នាក់ដឹកនាំកំពូល
ដោយសារតែអស់សង្ឃឹមនឹងអាជ្ញាធរ និងសមត្ថកិច្ចថ្នាក់មូលដ្ឋានដែលអសកម្ម ប្រជាពលរដ្ឋនៅក្នុងភូមិសាមគ្គី២ ទាំងមូល សូមលើកដៃសំពះអំពាវនាវយ៉ាងទទូច និងគោរពស្នើសុំកិច្ចអន្តរាគមន៍ផ្ទាល់ពី៖
ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ
ឯកឧត្តម ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ
ព្រមទាំង លោកអភិបាលខណ្ឌ និងលោកអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ
សូមមេត្តាជួយចាត់កម្លាំងជំនាញថ្នាក់រាជធានី ឬថ្នាក់ខណ្ឌ ចុះមកពិនិត្យ និងបង្ក្រាបទីតាំងល្បែងស៊ីសងមាន់ជល់អនឡាញខាងលើនេះជាបន្ទាន់ផង ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋពីការភ័យខ្លាចចំពោះបទល្មើសចោរកម្ម (លួច ឆក់ ប្លន់) និងហិង្សាក្នុងគ្រួសារ ដែលកើតចេញពីល្បែងស៊ីសងទាំងនេះ។
មហាជនកំពុងរង់ចាំអ៊ុតមើលថា ក្រោយពីព័ត៌មាននេះបែកធ្លាយ តើឯកឧត្តម ឃួង ស្រេង និងឯកឧត្តម ជួន ណារិន្ទ នឹងមានចំណាត់ការក្តៅបញ្ជាឱ្យកម្ទេចចោលទីតាំងល្បែងអនាធិបតេយ្យនេះនៅពេលណា? ហើយតើអាជ្ញាធរមូលដ្ឋានដែលបណ្តោយឱ្យមានល្បែងនេះ នឹងត្រូវរងការស្តីបន្ទោសបែបណាដែរ?





