ក្តៅគគុក! លេចធ្លាយព័ត៌មានថា ដីរដ្ឋ «បឹងត្រពាំងចាប» ជិត ១ហិកតា នៅព្រែកលួង ត្រូវបានលបលួចលក់ទៅឱ្យក្រុមហ៊ុនស្រាបៀរយក្សមួយ តាមរយៈស្ត្រីមានឥទ្ធិពលម្នាក់
(កណ្តាល)៖ ករណីសង្ស័យជុំវិញការលបលួចលក់ដីសាធារណៈរបស់រដ្ឋ កំពុងតែបង្កើតជាព្យុះរលកថ្មីមួយទៀតហើយនៅក្នុងសង្កាត់ព្រែកលួង ក្រុងអរិយក្សត្រ ខេត្តកណ្តាល បន្ទាប់ពីមានការលេចធ្លាយព័ត៌មានថា ដីរដ្ឋដែលមានឈ្មោះថា «បឹងត្រពាំងចាប» ទំហំជិត ១ហិកតា ត្រូវបានគេលួចលក់ទៅឱ្យក្រុមហ៊ុនស្រាបៀរដ៏ល្បីមួយ តាមរយៈការរៀបចំខ្សែបណ្តាញដោយស្ត្រីដ៏មានឥទ្ធិពលម្នាក់។យោងតាមប្រភពព័ត៌មានបឋមដែលប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលមានក្បាលដីជាប់នឹងបឹងធម្មជាតិមួយនេះ បានលបខ្សឹបប្រាប់អ្នកសារព័ត៌មានយើងនៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នេះបានឱ្យដឹងថា៖
«ដីបឹងត្រពាំងចាបនេះ ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ដែលធ្លាប់តែជាប្រភពទឹក និងជាប្រយោជន៍រួមរបស់សហគមន៍។
ប៉ុន្តែមួយរយៈចុងក្រោយនេះ បែរជាលេចឮព័ត៌មានថា មានការរត់ការលបលួចលក់ទៅឱ្យក្រុមហ៊ុនស្រាបៀរយ៉ាងអាថ៌កំបាំងបំផុត ដោយមានស្ត្រីម្នាក់ដែលគេស្គាល់ថាជាអ្នកមានឥទ្ធិពល និងខ្សែរយៈក្រាស់ក្រែលជាអ្នកនៅពីក្រោយខ្នង»។
ការលេចធ្លាយព័ត៌មាននេះ បានធ្វើឱ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងពីការបាត់បង់ទ្រព្យសម្បត្តិរដ្ឋ និងផលប៉ះពាល់ដល់ប្រព័ន្ធរំដោះទឹកនៅក្នុងតំបន់នោះ។
ដើម្បីធានាបាននូវតម្លាភាព ភាពយុត្តិធម៌ និងវិជ្ជាជីវៈសារព័ត៌មាន អង្គភាពសារព័ត៌មានយើងខ្ញុំសូមគោរពស្នើសុំទៅកាន់រដ្ឋបាលសង្កាត់ព្រែកលួង ក៏ដូចជាអាជ្ញាធរក្រុងអរិយក្សត្រ និងមន្ទីរពាក់ព័ន្ធនៃខេត្តកណ្តាល មេត្តាជួយធ្វើការពិនិត្យ ស្រាវជ្រាវ និងផ្តល់ការពន្យល់ណែនាំជុំវិញករណីសង្ស័យខាងលើនេះ។
តើព័ត៌មានស្តីពីការលក់ដីរដ្ឋ «បឹងត្រពាំងចាប» នេះជាការពិត ឬគ្រាន់តែជាពាក្យចចាមអារ៉ាម?




