ផ្សារផលិតផលខ្មែរខេត្តព្រៃវែង បើកលក់រៀងរាល់ថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ដើម្បីពង្រឹងដល់ការគាំទ្រផលិតផលខ្មែរក្នុងស្រុក
ព្រៃវែង៖ នៅពេលព្រឹកព្រលឹម ជារៀងរាល់ថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ផ្សារផលិតផលខ្មែរខេត្តព្រៃវែង បានដំណើរការបើកលក់ ដែលមានទីតាំងខាងមុខមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីបង្កើន និងពង្រឹងឱកាសទីផ្សារ ព្រមទាំងលើកស្ទួយផលិតផលកសិកម្ម បន្លែផ្លែឈើ ដែលប្រជាពលរដ្ឋផលិតបានដោយខ្លួនឯងនៅតាមបណ្តាក្រុងស្រុកនៃខេត្តព្រៃវែង។ផ្សារផលិតផលខ្មែរ រៀបចំឡើងដោយមន្ទីរពាណិជ្ជកម្មខេត្តព្រៃវែងក៏ដូចជាបានការចង្អុលបង្ហាញណែនាំអំពីថ្នាក់ដឹកនាំខេត្ត ក្នុងគោលបំណងគាំទ្រដល់កសិករ សិប្បករ និងផលិតករក្នុងស្រុក ឱ្យមានលទ្ធភាពចែកចាយផលិតផលរបស់ខ្លួនដោយផ្ទាល់ដល់សាធារណជន ដោយមិនចាំបាច់ឆ្លងកាត់ឈ្មួញកណ្តាល។
លោកស្រី ម៉ុង ករុណា ប្រធានការិយាល័យគ្រប់គ្រងអាជីវកម្ម នៃមន្ទីរពាណិជ្ជកម្មខេត្តព្រៃវែង បានឲ្យដឹងថាបន្លែផ្លែឈើក៏ដូចជាត្រីសាច់ទាំងអស់នេះបានយកមកពីបណ្ដាលក្រុងស្រុកមួយចំនួននៅក្នុងខេត្តព្រៃវែង ដែលគាត់បានផលិតនិងកែច្នៃដោយខ្លួនឯងជាពិសេសបន្លែគឺយកមកពីខាងកោះពាមរាំង នៃស្រុកពាមជរ ខេត្តព្រៃវែង ដែលនៅទីនោះគឺជាប្រភេទដីសម្បូរដោយជីជាតិប្រជាពលរដ្ឋតែងតែដាំបន្លែគ្រប់ៗគ្នាហើយគាត់ក៏បានប្រមូលកន្លែពីរកន្លែងនោះយកមកលក់នៅក្នុងផ្សារផលិតផលខ្មែរនេះដើម្បីបង្ហាញដល់ប្រជាពលរដ្ឋឲ្យគាត់បានទទួលស្គាល់នូវគុណភាពនៃបន្លែដែលប្រជាពលរដ្ឋយើងផលិតនៅក្នុងស្រុកយើងនេះផងដែរ។
លោកស្រី ក៏សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ទាំងអស់ ចូលរួមគាំទ្រ និងទិញនូវផលិតផលខ្មែរយើង ព្រោះថាការទិញផលិតផលខ្មែរ គឺជាការរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋាន បង្កើនការផលិតក្នុងស្រុក កាត់បន្ថយការពឹងផ្អែកលើទំនិញបរទេស និងជំរុញសេដ្ឋកិច្ចជាតិឲ្យកាន់តែរីកចម្រើន៕
















