ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីប្រកាសឱ្យចូលកាន់មុខតំណែងប្រធានសាលាដំបូង និងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រៃវែង។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ស្រេង ជា សមាជិកក្រុមប្រឹក្សាខេត្តតំណាងលោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង, លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង រួមនិងមន្ត្រីពាក់ព័ន្ធ។លោក សួស ឡា ប្រធានសាលាដំបូងខេត្តកំពង់ចាម ត្រូវបានប្រកាសចូលកាន់តំណែង ជាប្រធានសាលាដំបូងខេត្តព្រៃវែង ជំនួយលោក ហង់ ស៊ីថា ដែលត្រូវកាន់តំណែងជាប្រធានសាលាដំបូងខេត្តក្រចេះ។លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ត្រូវបានប្រកាសចូលកាន់តំណែងជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រៃវែង ជំនួសលោក គុជ គីមឡុង ដែលត្រូវកាន់តំណែងជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល។
ថ្លែងក្នុងពិធីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសរំលេចអំពីក្របខ័ណ្ឌគោលនយោបាយ ក្នុងការកែទម្រង់ប្រព័ន្ធយុត្តិធម៌ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា រួមមានការកែទម្រង់ប្រព័ន្ធតុលាការ និងការកែទម្រង់ប្រព័ន្ធដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំ និងផ្តាំផ្ញើដល់ចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ក្រឡាបញ្ជី អាជ្ញាសាលា និងមន្រ្តីតុលាការទាំងអស់នៅតាមសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីនៅទូទាំងប្រទេស ដូចតទៅ៖
១- ត្រូវពង្រឹងអភិបាលកិច្ចផ្ទៃក្នុង និងការដឹកនាំអង្គភាព និងស្ថាប័នរបស់ខ្លួនឱ្យបានល្អប្រសើរ, មានសាមគ្គីភាពផ្ទៃក្នុងល្អ និងកិច្ចសហប្រតិបត្តិការល្អជាមួយមន្ត្រីអនុវត្តច្បាប់ អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ដោយត្រូវបន្តប្រកាន់ខ្ជាប់នូវអភិក្រមដ៏ថ្លៃថ្លាបំផុតទាំង ៥ ចំណុច របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា គឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង វះកាត់”។
២- ត្រូវពង្រឹងឱ្យបាននូវគុណភាពនៃការចាត់ការសំណុំរឿងដែលខ្លួនកំពុងទទួលបន្ទុក ឱ្យបានត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមច្បាប់ និងនីតិវិធី ជាពិសេស ត្រូវខិតខំពង្រឹងគុណភាពនៃការសរសេរសាលក្រម/សាលដីកាឱ្យបានឆាប់រហ័ស, ត្រឹមត្រូវតាមក្បួនខ្នាត, ងាយយល់ និងមានសំអាងហេតុ និងសំអាងច្បាប់ច្បាស់លាស់ និងគ្រប់គ្រាន់។
៣-ប្រធានសាលាដំបូង និងចៅក្រម ដែលត្រូវផ្លាស់ទៅបំពេញការងារនៅសាលាដំបូងផ្សេង ត្រូវយកចិត្តទុកដាក់រៀបចំសាលក្រម/សាលដីកាដែលនៅសេសសល់ឱ្យបានរួចរាល់មុនចាកចេញ ចំពោះសំណុំរឿងដែលខ្លួនបានប្រកាសរួច។
៤- ត្រូវបន្តចូលរួមឱ្យបានកាន់តែសកម្ម និងស្វាហាប់ ក៏ដូចជាផ្តល់កិច្ចសហការឱ្យបានពេញលេញបន្ថែមទៀត ក្នុងការអនុវត្តយុទ្ធនាការទាំង ២ គឺ យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។
៥- ព្រះរាជអាជ្ញាត្រូវក្តាប់ឱ្យបាននូវនយោបាយព្រហ្មទណ្ឌនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងត្រូវមានភាពវាងវៃ និងរវៀសរវៃ លើការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។
៦- ត្រូវគោរពវិន័យការងារ និង ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការអនុវត្តការងាររបស់ខ្លួន ព្រមទាំងត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការចាត់ការសំណុំរឿងឱ្យបានម៉ឺងម៉ាត់ ត្រឹមត្រូវ និង យុត្តិធម៌ ស្របតាមច្បាប់ និង នីតិវិធីជាធរមាន ។
៧- ត្រូវប្រកាន់ខ្ជាប់នូវឧត្តមគតិយុត្តិធម៌ តាមរយៈការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់ ដើម្បីធានាឱ្យបាននូវអនាគតិ នៅពេលជំនុំជម្រះរឿងក្តី ស្របតាមការកំណត់នៃរដ្ឋធម្មនុញ្ញ សំដៅផ្តល់ភាពយុត្តិធម៌ឱ្យបានត្រឹមត្រូវ និង ភាពកក់ក្តៅជូនប្រជាពលរដ្ឋ ពោល គឺការវៀរចាកនូវអគិតធម៌ទាំង ៤ បទ គឺ ឆន្ទាគតិ ទោសាគតិ ភយាគតិ និង មោហាគតិ។














