អភិបាលខេត្តព្រៃវែង ជំរុញការពន្លឿនការចុះបញ្ជីដីធ្លី ដោះស្រាយវិវាទ និងពង្រឹងការគ្រប់គ្រងសំណង់ឱ្យមានរបៀបរៀបរយ!
ព្រៃវែង៖ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៧ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រៃវែង ដែលប្រព្រឹត្តទៅនៅសាលប្រជុំធំ «A» នៃសាលាខេត្តព្រៃវែង។ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបីប្រភេទប្រចាំខេត្ត តំណាងប្រធានពន្ធនាគារខេត្ត ប្រធានមន្ទីរ និងអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុកទាំង១៣ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត សរុបប្រមាណ ៣៥០នាក់។
ក្នុងឱកាសនោះ ឯកឧត្តម សួន សុម៉ាលីន បានផ្តាំផ្ញើដល់មន្ទីរជំនាញ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តតាមការណែនាំ និងផែនការរបស់ក្រសួង ព្រមទាំងរដ្ឋបាលខេត្តឱ្យមានប្រសិទ្ធភាព និងទទួលខុសត្រូវខ្ពស់។ ជាពិសេស ត្រូវជំរុញការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ការចុះបញ្ជីដីធ្លីមានលក្ខណៈដាច់ដោយដុំ និងការចុះបញ្ជីបន្ត ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ត្រឹមត្រូវ និងទាន់ពេលវេលា។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តក៏បានជំរុញឱ្យមន្ទីរជំនាញពង្រីកការផ្សព្វផ្សាយអំពីយុទ្ធនាការចុះបញ្ជីដីធ្លីឱ្យបានទូលំទូលាយ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីសារៈសំខាន់នៃការចុះបញ្ជីដីធ្លី និងអត្ថប្រយោជន៍នៃការកាន់កាប់ឯកសារស្របច្បាប់។ ទន្ទឹមនឹងនេះ ត្រូវបន្តជំរុញការដោះស្រាយវិវាទដីធ្លីតាមនីតិវិធី និងពង្រឹងការចុះត្រួតពិនិត្យសំណង់ ដោយណែនាំម្ចាស់សំណង់ឱ្យស្នើសុំលិខិតអនុញ្ញាតសាងសង់តាមច្បាប់ជាធរមាន ព្រមទាំងលើកទឹកចិត្តប្រជាពលរដ្ឋឱ្យសាងសង់លំនៅឋានប្រកបដោយសណ្តាប់ធ្នាប់ សោភណភាព និងស្របតាមបទដ្ឋានបច្ចេកទេស។
ការណែនាំរបស់ឯកឧត្តមអភិបាលខេត្តនេះ បានបង្ហាញពីការយកចិត្តទុកដាក់លើការពង្រឹងប្រសិទ្ធភាពការងាររដ្ឋបាលដីធ្លី ការកាត់បន្ថយបញ្ហាវិវាទ និងការគ្រប់គ្រងសំណង់ឱ្យមានរបៀបរៀបរយ ដើម្បីរួមចំណែកការពារសិទ្ធិស្របច្បាប់របស់ប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍប្រកបដោយសណ្តាប់ធ្នាប់នៅក្នុងខេត្តព្រៃវែង។
អត្ថបទ៖ ព្រុំសុជា ហតញូស៍ (PSC News)




