លោក ទេស វិបុលប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជាបានផ្ញើសារនិងដាស់តឿន ៖ «អ្នកកាសែតកុំខ្លាច! ឃើញអ្វី សរសេរអ្វីដែលពិត ហើយកុំភ្លេចយកច្បាប់សារព័ត៌មានមកអនុវត្ត»
លោក ទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បានផ្ញើសារដាស់តឿន និងលើកទឹកចិត្តដល់បងប្អូនអ្នកសារព័ត៌មាន ជាពិសេសអ្នកសារព័ត៌មានជំនាន់ក្រោយ ឱ្យក្លាហានក្នុងការបំពេញតួនាទីវិជ្ជាជីវៈ ដោយសរសេរព័ត៌មានតាមការពិត និងត្រូវប្រកាន់ខ្ជាប់នូវច្បាប់ស្តីពីរបបសារព័ត៌មាន។តាមការលើកឡើងរបស់លោក ទេស វិបុល ក្នុងក្រុមទំនាក់ទំនងរបស់ក្រសួងព័ត៌មាន លោកបានផ្តាំផ្ញើទៅកាន់អ្នកសារព័ត៌មានថា «ឃើញអ្វី សរសេរហ្នឹងទៅ» ប៉ុន្តែត្រូវភ្ជាប់ជាមួយការអនុវត្តច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីធានាថាព័ត៌មានដែលផ្សព្វផ្សាយមានមូលដ្ឋានច្បាស់លាស់ និងទទួលខុសត្រូវ។
លោក ទេស វិបុល បានបញ្ជាក់ថា ប្រសិនបើអ្នកសារព័ត៌មានបានសរសេរ និងផ្សព្វផ្សាយព័ត៌មានដោយត្រឹមត្រូវ ហើយមានមូលដ្ឋានច្បាស់លាស់ ប្រសិនបើមានភាគីណាមួយមានចម្ងល់ ឬចង់សួរនាំពាក់ព័ន្ធនឹងព័ត៌មាននោះ អាចទាក់ទងមកលោក ដើម្បីពន្យល់បន្ថែម។ លោកបានសង្កត់ធ្ងន់ថា ការជួយគ្នាក្នុងវិស័យសារព័ត៌មាន គឺមិនមែនមានន័យថា អ្នកណាម្នាក់ត្រូវទទួលខុសត្រូវជំនួសគ្រប់ករណីឡើយ។
ជាមួយគ្នានេះ លោកបានលើកឡើងពីការព្រួយបារម្ភចំពោះអ្នកសារព័ត៌មានមួយចំនួន ដែលក្រោយពេលផ្សព្វផ្សាយព័ត៌មានរួច អាចប្រឈមនឹងការហៅសួរ ការធ្វើលិខិតអញ្ជើញ ឬសម្ពាធពីមន្ត្រី ឬសមត្ថកិច្ចមួយចំនួន រហូតធ្វើឱ្យអ្នកសារព័ត៌មានមានការភ័យខ្លាច និងស្ទាក់ស្ទើរក្នុងការបន្តការងាររបស់ខ្លួន។
លោក ទេស វិបុល បានអំពាវនាវយ៉ាងដាច់ខាតថា «កុំឱ្យភ័យ កុំឱ្យខ្លាច» និងបានលើកឡើងថា លោកផ្ទាល់បានឆ្លងកាត់ករណីជាច្រើនក្នុងវិស័យសារព័ត៌មាន ហើយយល់ថា អ្នកសារព័ត៌មានគួរតែមានភាពក្លាហាន និងយល់ដឹងពីសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួន។
លោកបានមានប្រសាសន៍ក្នុងន័យលើកទឹកចិត្តថា អ្នកសារព័ត៌មានមិនមែនជាឧក្រិដ្ឋជន ឬជាឃាតករនោះទេ ប៉ុន្តែគ្រាន់តែជាអ្នកបំពេញការងារផ្នែកព័ត៌មាន ដើម្បីផ្សព្វផ្សាយបញ្ហាដែលកើតមានក្នុងសង្គមទៅកាន់សាធារណជន។
លោក ទេស វិបុល ក៏បានផ្តាំផ្ញើដល់អ្នកសារព័ត៌មានគ្រប់រូប ឱ្យបន្តខិតខំសរសេរ និងផ្សព្វផ្សាយព័ត៌មានដោយមិនត្រូវចុះចាញ់នឹងការភ័យខ្លាច ព្រមទាំងត្រូវប្រុងប្រយ័ត្នលើការផ្ទៀងផ្ទាត់ព័ត៌មាន និងការអនុវត្តច្បាប់ជាធរមាន។
លើសពីនេះ លោកបានចាត់ទុកអ្នកសារព័ត៌មានថា ជាអ្នកមានស្មារតីស្នេហាជាតិ និងបានលើកឡើងពីតួនាទីរបស់សារព័ត៌មានដែលត្រូវបានគេហៅថា «អំណាចទី៤» ក្នុងសង្គម ទោះបីពាក្យនេះមិនមែនជាឋានៈដែលកំណត់ដោយព្រះរាជក្រឹត្យក៏ដោយ។
លោកបានសរសើរដល់អ្នកសារព័ត៌មានជាច្រើនរូបថា ទោះបីមានជីវភាពមិនធូរធារក៏ដោយ ប៉ុន្តែបានបន្តប្រកបការងារសារព័ត៌មាន និងមានការប្តេជ្ញាចិត្តខ្ពស់ចំពោះវិជ្ជាជីវៈ និងសង្គម។
ជុំវិញបទពិសោធន៍ក្នុងវិស័យសារព័ត៌មាន លោក ទេស វិបុល បានលើកឡើងយ៉ាងច្បាស់ថា ការមានសញ្ញាបត្រខ្ពស់ ដូចជា បណ្ឌិត អនុបណ្ឌិត ឬសាស្ត្រាចារ្យ មិនមែនមានន័យថា អាចធ្វើការងារសារព័ត៌មានបានល្អដោយស្វ័យប្រវត្តិនោះទេ។ តាមទស្សនៈរបស់លោក ការងារសារព័ត៌មានទាមទារឱ្យមាន បទពិសោធន៍ ការហ៊ានចុះមូលដ្ឋាន ការស្វែងរកការពិត ការយល់ដឹងពីសង្គម និងការស៊ូទ្រាំក្នុងការបំពេញវិជ្ជាជីវៈ។
លោកបានអះអាងថា លោកបានប្រឡូកក្នុងវិស័យសារព័ត៌មានអស់រយៈពេលជាច្រើនឆ្នាំ និងមានបទពិសោធន៍ជាក់ស្តែងជាច្រើន ដូច្នេះលោកជឿថា អ្នកដែលចង់ក្លាយជាអ្នកសារព័ត៌មានល្អ មិនអាចពឹងផ្អែកតែលើសញ្ញាបត្រប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានបទពិសោធន៍ និងភាពក្លាហានក្នុងការប្រឈមមុខនឹងបញ្ហាជាក់ស្តែង។
សាររបស់លោក ទេស វិបុល ត្រូវបានគេចាត់ទុកថា ជាការលើកទឹកចិត្តដល់អ្នកសារព័ត៌មានជំនាន់ក្រោយ ឱ្យមានភាពក្លាហានក្នុងការបំពេញតួនាទីរបស់ខ្លួន ខណៈដែលត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ «សរសេរព័ត៌មានដោយការពិត មានប្រភពច្បាស់លាស់ គោរពច្បាប់ និងមានសីលធម៌វិជ្ជាជីវៈ» ដើម្បីឱ្យវិស័យសារព័ត៌មានកម្ពុជាកាន់តែមានភាពជឿទុកចិត្តពីសាធារណជន។អត្ថបទព្រុំសុជា



