ឯកឧត្តមបណ្ឌិត ឈាង សោភ័ណ្ឌ ចែកសៀវភៅរបាយការណ៍ស្តីពីស្ថានភាពសេរីភាពព័ត៌មាននៅកម្ពុជា ជូនអ្នកសារព័ត៌មាន!
ភ្នំពេញ៖ ក្នុងស្មារតីចូលរួមលើកកម្ពស់វិស័យសារព័ត៌មាន និងពង្រឹងការយល់ដឹងរបស់អ្នកសារព័ត៌មានអំពីសិទ្ធិ សេរីភាព និងតួនាទីវិជ្ជាជីវៈ ឯកឧត្តមបណ្ឌិត ឈាង សោភ័ណ្ឌ ប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជាអន្តរជាតិ (Cambodia International Journalists Association) បានចែកសៀវភៅស្តីពី «របាយការណ៍ស្ថានភាពសេរីភាពព័ត៌មាននៅកម្ពុជា» (Report on the State of Press Freedom in Cambodia) ជូនដល់បងប្អូនអ្នកសារព័ត៌មាន ដើម្បីជាឯកសារសម្រាប់សិក្សា ស្វែងយល់ និងអនុវត្តក្នុងការបំពេញការងារវិជ្ជាជីវៈ។ការចែករំលែកសៀវភៅរបាយការណ៍នេះ ត្រូវបានចាត់ទុកថា ជាសកម្មភាពដ៏មានសារៈសំខាន់មួយ ក្នុងការជួយបង្កើនការយល់ដឹងរបស់អ្នកសារព័ត៌មានអំពីស្ថានភាពសេរីភាពសារព័ត៌មាន បញ្ហាប្រឈមនានា ក្របខ័ណ្ឌច្បាប់ សិទ្ធិ និងកាតព្វកិច្ចរបស់អ្នកសារព័ត៌មាន ក្នុងបរិបទនៃការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម។
ឯកឧត្តមបណ្ឌិត ឈាង សោភ័ណ្ឌ តែងយកចិត្តទុកដាក់ក្នុងការគាំទ្រ និងលើកកម្ពស់សមត្ថភាពអ្នកសារព័ត៌មាន ដោយផ្តោតលើការផ្សព្វផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ ក្រមសីលធម៌ ការទទួលខុសត្រូវ និងការគោរពច្បាប់។
សកម្មភាពនេះក៏ជាការរួមចំណែកដ៏មានតម្លៃ ក្នុងការជំរុញឱ្យអ្នកសារព័ត៌មានបន្តអភិវឌ្ឍចំណេះដឹង និងសមត្ថភាពរបស់ខ្លួនឱ្យកាន់តែប្រសើរឡើងផងដែរ។
បងប្អូនអ្នកសារព័ត៌មានដែលទទួលបានសៀវភៅ បានសម្តែងការគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមនេះ ដោយចាត់ទុកថា ឯកសាររបាយការណ៍ស្តីពីសេរីភាពព័ត៌មាន គឺជាប្រភពចំណេះដឹងដ៏មានប្រយោជន៍ សម្រាប់អ្នកប្រកបវិជ្ជាជីវៈសារព័ត៌មាន ក្នុងការស្វែងយល់ពីតួនាទីរបស់ខ្លួន និងចូលរួមចំណែកផ្សព្វផ្សាយព័ត៌មានពិត ត្រឹមត្រូវ មានតុល្យភាព និងផ្តល់ផលប្រយោជន៍ដល់សង្គម។
ការពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន និងការចែករំលែកចំណេះដឹង គឺជាមូលដ្ឋានសំខាន់មួយក្នុងការលើកកម្ពស់គុណភាពវិស័យសារព័ត៌មាន និងការផ្តល់ព័ត៌មានប្រកបដោយវិជ្ជាជីវៈជូនសាធារណជន។
សូមគាំទ្រ និងលើកទឹកចិត្តដល់រាល់សកម្មភាពដែលរួមចំណែកអភិវឌ្ឍសមត្ថភាពអ្នកសារព័ត៌មាន និងពង្រឹងវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា៕




