ក្រុមប្រឹក្សាខេត្តព្រៃវែង បើកកិច្ចប្រជុំសាមញ្ញលើកទី២៧ ជំរុញប្រសិទ្ធភាពការងារ និងកំណត់ទិសដៅអភិវឌ្ឍន៍បន្ត!
ព្រៃវែង៖ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង និងឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ដែលប្រព្រឹត្តទៅនៅសាលប្រជុំ «C» សាលាខេត្តព្រៃវែង ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ត្រីជំនាញ និងតំណាងស្ថាប័នពាក់ព័ន្ធជាច្រើនរូប។កិច្ចប្រជុំបានផ្តោតលើការពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៦ ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០២៦ ព្រមទាំងកំណត់ទិសដៅការងារសម្រាប់ខែបន្ទាប់របស់រដ្ឋបាលខេត្តព្រៃវែង។
អង្គប្រជុំក៏បានស្តាប់របាយការណ៍ពីការិយាល័យប្រជាពលរដ្ឋ និងគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត ព្រមទាំងពិភាក្សាលើបញ្ហាពាក់ព័ន្ធនានា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងាររដ្ឋបាល ការផ្តល់សេវាសាធារណៈ និងការឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព។
កិច្ចប្រជុំនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំខេត្តព្រៃវែង ក្នុងការពង្រឹងអភិបាលកិច្ចល្អ បង្កើនប្រសិទ្ធភាពការងាររដ្ឋបាល និងជំរុញការអភិវឌ្ឍខេត្តប្រកបដោយចីរភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។







