តើមានខ្សែញួរក្រាស់នៅពីក្រោយ? ពលរដ្ឋដាក់សញ្ញាសួរធំៗជុំវិញរោងចក្រផលិតបារីសង្ស័យខុសច្បាប់មួយកន្លែង បើកដំណើរការយ៉ាងរំភើយនៅស្រុកកំពង់ត្រាច!
(ខេត្តកំពត)៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិជ្រោះតាសោម ឃុំប្រាសាទភ្នំខ្យង ស្រុកកំពង់ត្រាច ខេត្តកំពត ព្រមទាំងមហាជនទូទៅ កំពុងសម្តែងការងឿងឆ្ងល់ និងដាក់សញ្ញាសួរធំៗជាខ្លាំង ជុំវិញអត្ថិភាពនៃទីតាំងរោងចក្រផលិតបារីមួយកន្លែង ដែលត្រូវបានគេសង្ស័យថាជា «ទីតាំងលួចលាក់ផលិតបារីខុសច្បាប់ គ្មានច្បាប់ទម្លាប់ត្រឹមត្រូវ» ប៉ុន្តែបែរជាអាចបើកដំណើរការផលិតយ៉ាងរំភើយ និងរលូនជាទីបំផុត។តាមប្រភពព័ត៌មាន និងការរាយការណ៍ពីប្រជាពលរដ្ឋម្ចាស់ស្រុកបានឱ្យដឹងថា ទីតាំងរោងចក្រសង្ស័យខុសច្បាប់ខាងលើនេះ បាននិងកំពុងដំណើរការអាជីវកម្មរបស់ខ្លួនដោយមិនកោតក្រែងច្បាប់រដ្ឋឡើយ ដែលករណីនេះបានធ្វើឱ្យពលរដ្ឋដាក់ការសង្ស័យ និងរិះគន់ចំៗទៅលើកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋាន ពិសេសគឺ លោកញាន សារី អធិការនគរបាលស្រុកកំពង់ត្រាច នឹងលោក អូន ខន អភិបាលអភិបាលស្រុកកំពង់ត្រាចតែម្តង ថាព្រងើយកន្តើយ ធ្វើមិនដឹងមិនឮ ឬមានអាថ៌កំបាំងអ្វីនៅពីក្រោយខ្នង ទើបបណ្តែតបណ្តោយឱ្យរោងចក្រសង្ស័យខុសច្បាប់ខ្នាតធំបែបនេះ អាចឈរជើងផលិតបារីយ៉ាងគគ្រឹកគគ្រេងនៅក្នុងទឹកដីសមត្ថកិច្ចរបស់ខ្លួនទៅវិញ?
ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងមហាផ្ទៃ មានវិធានការយ៉ាងតឹងរ៉ឹងលើការត្រួតពិនិត្យអាជីវកម្មខុសច្បាប់ និងការក្លែងបន្លំពន្ធដារ ប្រជាពលរដ្ឋ និងមហាជនទូទាំងស្រុកកំពង់ត្រាច មានការជឿជាក់ និងគោរពអំពាវនាវយ៉ាងទទូចដល់ លោកស្នងការនគរបាលខេត្តកំពត ក៏ដូចជាគណៈអភិបាលខេត្ត មេត្តាចាត់កម្លាំងជំនាញជាន់ខ្ពស់ ចូលរួមសហការជាមួយស្ថាប័នអយ្យការ ចុះមកធ្វើអធិការកិច្ច ពិនិត្យច្បាប់ទម្លាប់ និងបង្ក្រាបទីតាំងរោងចក្រផលិតបារីសង្ស័យខុសច្បាប់នេះជាបន្ទាន់ ដើម្បីពង្រឹងការអនុវត្តច្បាប់ និងធានាបាននូវតម្លាភាពសង្គម។






