អភិបាលខេត្តព្រៃវែង ចុះដោះស្រាយផ្ទាល់ករណីបូមខ្សាច់តាមដងមេគង្គ! ពលរដ្ឋយល់ព្រមឱ្យបន្តអាជីវកម្ម តែត្រូវគោរពព្រំដែនអាជ្ញាប័ណ្ណ និងស្ថិតក្រោមការត្រួតពិនិត្យតឹងរ៉ឹង
ព្រៃវែង៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង នៅព្រឹកថ្ងៃទី៨ ខែកក្កដា បានដឹកនាំអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះជួបប្រជាពលរដ្ឋភូមិថ្មី ឃុំពាមមានជ័យ ស្រុកពាមរក៍ ដើម្បីស្តាប់ទុក្ខកង្វល់ និងដោះស្រាយបញ្ហាពាក់ព័ន្ធនឹងសកម្មភាពបូមខ្សាច់របស់ក្រុមហ៊ុន ចតុមុខ នៅក្នុងដងទន្លេមេគង្គ ដែលប្រជាពលរដ្ឋបារម្ភថាអាចបង្កឱ្យមានការបាក់ច្រាំងទន្លេ។
នៅក្នុងជំនួបនោះ ប្រជាពលរដ្ឋបានប្រកាសជំហរយ៉ាងច្បាស់ថា មិនចង់ឱ្យក្រុមហ៊ុនបន្តបូមខ្សាច់នៅក្បែរភូមិរបស់ខ្លួនទៀតឡើយ។ ប៉ុន្តែ បន្ទាប់ពីស្តាប់ការបកស្រាយពីមន្ត្រីជំនាញនៃក្រសួងរ៉ែ និងថាមពល អំពីលក្ខណៈបច្ចេកទេស និងនីតិវិធីច្បាប់ ប្រជាពលរដ្ឋបានយល់ព្រមឱ្យក្រុមហ៊ុនបន្តប្រតិបត្តិការបាន ប៉ុន្តែត្រូវបូមតែក្នុងតំបន់ដែលស្ថិតក្នុងដែនអាជ្ញាបណ្ណខេត្តកណ្តាលប៉ុណ្ណោះ មិនត្រូវរំលោភចូលភាគីខេត្តព្រៃវែងឡើយ។
លោក សួន សុម៉ាលីន បានទទួលយកសំណូមពរនេះ និងណែនាំឱ្យក្រុមហ៊ុនបោះពោងកំណត់ទីតាំងបូមឱ្យបានច្បាស់លាស់ ស្របតាមអាជ្ញាបណ្ណដែលក្រសួងរ៉ែ និងថាមពលបានអនុញ្ញាត ដោយមិនអនុញ្ញាតឱ្យផ្លាស់ប្តូរទីតាំង ឬរំកិលព្រំប្រទល់ដោយខ្លួនឯងឡើយ។
ដើម្បីបង្កើនតម្លាភាព និងទំនុកចិត្តពីប្រជាពលរដ្ឋ អភិបាលខេត្ត ក៏បានសន្យាបង្កើតប៉ុស្តិ៍ប្រចាំការមួយនៅក្បែរសាលារៀន ដោយមានអាជ្ញាធរ និងមន្ត្រីជំនាញប្រចាំការតាមដានសកម្មភាពបូមខ្សាច់ជាប្រចាំ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋក៏នឹងមានតំណាងចំនួន២រូប ចូលរួមក្នុងការត្រួតពិនិត្យផងដែរ។
លោកអភិបាលខេត្តបានបញ្ជាក់ថា ប្រសិនបើប្រជាពលរដ្ឋសង្កេតឃើញសាឡង់របស់ក្រុមហ៊ុនប្រតិបត្តិការខុសលក្ខណៈបច្ចេកទេស ឬខុសពីទីតាំងដែលបានអនុញ្ញាត អាចរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរ មន្ត្រីជំនាញ ឬទាក់ទងផ្ទាល់មកលោកអភិបាលខេត្ត ដើម្បីចាត់វិធានការអន្តរាគមន៍ភ្លាមៗ។
ក្រោយបញ្ចប់កិច្ចពិភាក្សា លោក សួន សុម៉ាលីន និងមន្ត្រីជំនាញ បានចុះពិនិត្យដោយផ្ទាល់ដល់ទីតាំងច្រាំងទន្លេដែលប្រជាពលរដ្ឋលើកឡើងថាមានការបាក់ស្រុត។ សកម្មភាពនេះទទួលបានការសាទរពីប្រជាពលរដ្ឋ ដោយពួកគាត់លើកឡើងថា ការចុះពិនិត្យផ្ទាល់ពីអភិបាលខេត្ត នឹងជួយបង្ហាញការពិត និងធានាថាការដោះស្រាយធ្វើឡើងដោយផ្អែកលើស្ថានភាពជាក់ស្តែង និងតម្លាភាព។







