ទឹកចិត្តថ្នាក់ដឹកនាំ! អធិការនគរបាលស្រុកពាមជរ ចុះសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារមន្ត្រីក្រោមឱវាទ!
ស្រុកពាមជរ៖ ការយកចិត្តទុកដាក់ និងការរួមសុខទុក្ខជាមួយមន្ត្រីក្រោមឱវាទ គឺជាកាយវិការគំរូដ៏ប្រពៃថ្លៃថ្លា!នៅព្រឹកថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៦ លោកវរសេនីយ៍ឯក ជា ហេង អធិការ នៃអធិការដ្ឋាននគរបាលស្រុកពាមជរ បានដឹកនាំកម្លាំងក្រោមឱវាទ ចុះទៅកាន់គេហដ្ឋានសព និងនាំយកអំណោយរួមមាន អង្ករ ៥០គីឡូក្រាម, ទឹកស៊ីអ៊ីវ ២យួរ និងថវិកាបច្ច័យចំនួន ៧០០.០០០រៀល (ប្រាំពីរសែនរៀល) ដើម្បីចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជាមួយគ្រួសាររបស់លោកអនុសេនីយ៍ឯក សៀង ថេម នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះរកា។
គួរបញ្ជាក់ផងដែរថា លោកស្រី តឿ ស្រីណែត ត្រូវជាភរិយារបស់លោកអនុសេនីយ៍ឯក សៀង ថេម បានទទួលមរណភាពកាលពីវេលាម៉ោង ២៣:៣០ នាទីយប់ ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៦ នៅភូមិដីស្រុត ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែងដោយរោគាពាធ។
ក្នុងឱកាសដ៏សោកសៅនេះ លោកអធិការ ព្រមទាំងកម្លាំងនគរបាលស្រុកពាមជរទាំងអស់ បានសម្តែងនូវការសោកស្តាយ និងអាឡោះអាល័យជាពន់ពេក ចំពោះការបាត់បង់ភរិយា ម្តាយ និងជាសមាជិកគ្រួសារដ៏ល្អមួយរូប។
ថវិកានិងសម្ភារទាំងនេះ មិនត្រឹមតែជាការជួយសម្រាលបន្ទុកគ្រួសារក្នុងគ្រាដ៏លំបាកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្តែងឲ្យឃើញពី «វប្បធម៌ចែករំលែក និងភាពស្និទ្ធស្នាលរវាងថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ» ដែលតែងតែនៅក្បែរគ្នាគ្រប់កាលៈទេសៈ៕










