[ខេត្តព្រៃវែង]៖ រឿងរ៉ាវដ៏សែនក្តុកក្តួល និងរន្ធត់ចិត្តមួយបានកើតឡើងចំពោះគ្រួសារប្រជាពលរដ្ឋមួយកន្លែង នៅភូមិខ្សាច់ ឃុំកោះសំពៅ ស្រុកពាមជរ ខណៈដែលយុវជនម្នាក់បានបាត់បង់ជីវិតភ្លាមៗយ៉ាងអាណោចអាធ័ម ដោយសារតែករណី រន្ទះបាញ់ នៅក្នុងហេតុការណ៍គ្រោះធម្មជាតិដែលមិនអាចមើលឃើញមុន។
ជនរងគ្រោះមានឈ្មោះ គួយ ពន្លឺ ភេទប្រុស អាយុ ២២ឆ្នាំ បានទទួលអនិច្ចកម្មកាលពីវេលាម៉ោង ៤:២០ នាទីល្ងាច ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ នៅក្នុងហេតុការណ៍ដ៏រន្ធត់មួយ ខណៈដែលរូបគេកំពុងតែខិតខំធ្វើការងារប្រចាំថ្ងៃ ដោយ កំពុងដាក់ចំណីទា ដើម្បីជួយសម្រាលជីវភាពគ្រួសារ។
ការបាត់បង់រូបគេក្នុងវ័យទើបតែ ២២ ឆ្នាំ ដែលជាសសរទ្រូង និងជាកម្លាំងយ៉ាងសំខាន់ក្នុងគ្រួសារ គឺជាការបាត់បង់ដ៏ធំធេង និងបន្សល់ទុកនូវសេចក្តីអាឡោះអាឡៃ រកអ្វីប្រៀបផ្ទឹមពុំបានឡើយចំពោះឪពុកម្តាយ និងសាច់ញាតិ។
កាន់តែរំជួលចិត្ត និងបង្ហាញពីស្មារតី "ទីណាមានទុក្ខ លំបាក ទីនោះមានកាកបាទក្រហមកម្ពុជា" ភ្លាមៗបន្ទាប់ពីទទួលបានដំណឹងដ៏ក្រៀមក្រំនេះ លោក យស ស៊ីណាត ប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាស្រុកពាមជរ បានចាត់តាំង លោកស្រី ញ៉ែម ផារ៉ា ហេរញ្ញិកអនុសាខាកាកបាទក្រហមស្រុក ដឹកនាំក្រុមការងារ រួមមានមន្ត្រីប្រចាំការ បុគ្គលិកកិច្ចសន្យា និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមឃុំកោះសំពៅ ចុះទៅដល់ផ្ទះនៃសពផ្ទាល់ ដើម្បីចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងនាំយក ថវិកា10 ម៉ឺនរៀល និងទឹកបរិសុទ្ធ 10យួរ ទៅចូលបុណ្យសព ដើម្បីជួយសម្រាលបន្ទុកគ្រួសាររងគ្រោះក្នុងគ្រាដ៏លំបាកនេះ។
សកម្មភាពមនុស្សធម៌យ៉ាងទាន់ពេលវេលានេះ បានធ្វើឱ្យក្រុមគ្រួសារសព ក៏ដូចជាបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិខ្សាច់ និងឃុំកោះសំពៅទាំងមូល សម្តែងនូវ សេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះទឹកចិត្តសប្បុរសធម៌ និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ គណៈកម្មាធិការកាកបាទក្រហមកម្ពុជាស្រុកពាមជរ ជាពិសេស លោក យស ស៊ីណាត និង លោកស្រី ញ៉ែម ផារ៉ា ព្រមទាំងក្រុមការងារស្ម័គ្រចិត្តទាំងអស់ ដែលតែងតែនៅក្បែរប្រជាពលរដ្ឋ មិនបោះបង់ចោលប្រជាជនក្នុងគ្រាមានអាសន្ន និងទុក្ខលំបាកឡើយ។
ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយគ្រួសារសពយុវជន គួយ ពន្លឺ ហើយសូមបួងសួងឱ្យវិញ្ញាណក្ខន្ធរបស់ប្អូនបានទៅកាន់សុគតិភព និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាបន្តប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះធម្មជាតិ (រន្ទះ និងខ្យល់កន្ត្រាក់) នៅពេលមានភ្លៀងធ្លាក់ ឬមេឃបាំងខ្យល់!







