កម្ពុជានិងកាណាដា ពិភាក្សាឆ្ពោះទៅគាំទ្រដល់ ចក្ខុវិស័យអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល និង សេដ្ឋកិច្ចបៃតងរបស់កម្ពុជា
📖 អានអត្ថបទពេញ 👉JOIN US
ចេញផ្សាយ ថ្ងៃទី
តូរ៉ុនតូ៖ នារសៀលថ្ងៃពុធ ទី២៩ ខែតុលា ឆ្នាំ ២០២៥ (ម៉ោងក្នុងតំបន់) ក្នុងឱកាសដឹកនាំគណៈប្រតិភូកម្ពុជាបំពេញបេសកកម្មទាក់ទាញ និងជំរុញវិនិយោគនៅក្នុងប្រទេសកាណាដា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Victor Fedeli រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ច ការបង្កើតការងារ និងពាណិជ្ជកម្ម នៃខេត្តអុនតារីយ៉ូ ប្រទេសកាណាដា។
ជំនួបនេះមានការចូលរួមផងដែរពី ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម, ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, សមាគមឧកញ៉ាកម្ពុជា និង ស្ថានកុងស៊ុលកិត្តិយសនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំខេត្តអុនតូរីយ៉ូ។
ជំនួបពិភាក្សាការងារដ៏មានសារៈសំខាន់នាឱកាសនេះ ផ្តោតលើការពង្រឹង និងពង្រីកទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងខេត្តអុនតារីអូ ដែលជាខេត្តសេដ្ឋកិច្ចដ៏ធំ និងមានបច្ចេកវិទ្យាជឿនលឿនរបស់កាណាដា។ ភាគីទាំងពីរបានពិភាក្សាអំពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើការផ្ទេរបច្ចេកវិទ្យាទំនើបៗ និងការបណ្តុះបណ្តាល ធនធានមនុស្សជំនាញ លើវិស័យឌីជីថល កសិ-ឧស្សាហកម្ម និងបច្ចេកវិទ្យាស្អាត (Clean Technology) សំដៅគាំទ្រដល់ចក្ខុវិស័យអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតងរបស់កម្ពុជា។
តាមរយៈជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីភាពទាក់ទាញរបស់កម្ពុជា ក្នុងនាមជាគោលដៅវិនិយោគថ្មី សម្រាប់ក្រុមហ៊ុនកាណាដា តាមរយៈច្បាប់វិនិយោគដែលមានភាពអំណោយផលសម្រាប់ការវិនិយោគដោយផ្ទាល់ពីបរទេស និងការលើកទឹកចិត្តជាយុទ្ធសាស្ត្រនានា ពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្មកែច្នៃផលិតផលកសិកម្ម និងថាមពលស្អាត ដែលជាវិស័យខ្លាំងរបស់ខេត្តអុនតារីយ៉ូ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការប្តេជ្ញាចិត្តរបស់ខេត្តអុនតារីអូ ក្នុងការគាំទ្រពាណិជ្ជកម្មទ្វេភាគី ដោយមើលឃើញពីសក្តានុពលនានារបស់កម្ពុជា ព្រមទាំងបានបង្ហាញនូវការតាំងចិត្ត ក្នុងការធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសកម្ពុជាផងដែរ។
ជាកិច្ចបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមរដ្ឋមន្ត្រី បានឯកភាពបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីលើកកម្ពស់លំហូរវិនិយោគ និងពាណិជ្ជកម្មរវាងកម្ពុជា និងកាណាដា ឱ្យកាន់តែរីកចម្រើននាពេលអនាគតថែមមួយកម្រិតទៀត៕








