ប្រជាពលរដ្ឋនៅខេត្តព្រៃវែងសប្បាយរីករាយខណៈដែលរដ្ឋបាលខេត្ត បានរៀបចំមានការបាញ់ទឹកតាមចង្វាក់ភ្លេងមុខសាលាខេត្តព្រៃវែង
ព្រៃវែង៖ ប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីបាននាំគ្នាមកទស្សនាមើលការសាកល្បងបាញ់ទឹកតាមចង្វាក់ភ្លេងនៅមុខសាលាខេត្តព្រៃវែងដែលជាការរៀបចំរបស់រដ្ឋបាលខេត្តព្រៃវែងដើម្បីលើកកម្ពស់មុខមាត់ខេត្តឲ្យកាន់តែមានការទាក់ទាញទៅដល់ប្រជាពលរដ្ឋភ្ញៀវជាតិនិងអន្តរជាតិដែលគាត់មកលេងកម្សាន្តនៅក្នុងខេត្តព្រៃវែង មានកន្លែងតំបន់រមណីយដ្ឋានកម្សាន្តច្រើនបែបច្រើនសណ្ឋានដើម្បីបំពេញតម្រូវការដល់ភ្ញៀវទេសចរណ៍ទាំងនោះ។ការរៀបចំសាកល្បងបាញ់ទឹកតាមចង្វាក់ភ្លេងនៅមុខសាលាខេត្តព្រៃវែងនេះគឺបានទាក់ទាញចំណាប់អារម្មណ៍ទឹកចិត្តរបស់ប្រជាពលរដ្ឋនៅខេត្ត ដោយគាត់បានអញ្ជើញមកទស្សនានៅពេលរាត្រី យ៉ាងច្រើនកុះករ ដោយគាត់បានលើកឡើងថានេះពិតជាប្លែកហើយស្រស់ស្អាតមែនទែនសម្រាប់ខេត្តព្រៃវែង ដោយបើប្រៀបធៀបពីមុននឹងមកដល់ឥឡូវនេះ ខេត្តបានផ្លាស់ប្ដូរប្រែមុខមាត់ថ្មីពោរពេញទៅដោយការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យដែលធ្វើឲ្យប្រជាពលរដ្ឋរីករាយសប្បាយចិត្ត សាទរយ៉ាងខ្លាំងចំពោះការអភិវឌ្ឍន៍របស់ថ្នាក់ដឹកនាំខេត្តនាពេលបច្ចុប្បន្ននេះ។
(សម្ភាសន៍ប្រជាពលរដ្ឋ)
មិនត្រឹមតែមានការរៀបចំបាញ់ទឹកតាមចង្វាក់ភ្លេងនោះទេនៅក្នុងខេត្តព្រៃវែងនៅពេលរាត្រីគឺថានៅតាមដងផ្លូវទីសាធារណៈរដ្ឋបាលខេត្តបានបំពាក់ភ្លើងបំភ្លឺតាមដងផ្លូវធ្វើយ៉ាងណាដើម្បីធានាដល់សុវត្ថិភាពចរាចរណ៍នៅពេលរាត្រីផង ក៏ដូចជាបង្ហាញនូវភាពស្រស់ស្អាតនាពេលរាត្រីដល់ប្រជាពលរដ្ឋដែលមកលេងកម្សាន្តទស្សនា ភ្ញៀវជាតិ អន្តរជាតិ មកខេត្តព្រៃវែងបានឃើញពីការអភិវឌ្ឍន៍របស់ខេត្តព្រៃវែងនោះផងដែរ។
ទាំងអស់នេះគឺជាការគិតគូររបស់ថ្នាក់ដឹកនាំខេត្តយ៉ាងធំធេងសម្រាប់ទាក់ទាញដល់ប្រជាពលរដ្ឋភ្ញៀវជាតិនិងអន្តរជាតិមកលេងកម្សាន្តនៅក្នុងខេត្តព្រៃវែងនិងធ្វើឲ្យខេត្តព្រៃវែងពោរពេញទៅដោយភាពទាក់ទាញនិងសំបូរបែបទៅដោយតំបន់ទេសចរណ៍ផ្សេងៗជាច្រើន។ ទោះបីជានៅក្នុងខេត្តព្រៃវែងពុំសូវសម្បូររមណីយដ្ឋានធម្មជាតិក៏ដូចជារមណីយដ្ឋានផ្សេងៗ ដូចបណ្ដាលខេត្តដទៃក៏ពិតមែនក៏ប៉ុន្តែថ្នាក់ដឹកនាំខេត្តបានខិតខំប្រមូលផ្ដុំគំនិតអភិវឌ្ឍន៍គិតគូរធ្វើយ៉ាងណាដើម្បីឲ្យខេត្តមួយនេះពោរពេញទៅដោយភាពទាក់ទាញនិងស្រស់ស្អាតតាមតែអ្វីដែលអាចធ្វើទៅបាន៕












