អ្នកនាំពាក្យក្រសួងព័ត៌មានជំរុញដល់មន្ទីរព័ត៌មានខេត្តព្រៃវែងឱ្យផលិតមាតិកាព័ត៌មានជាវីដេអូខ្លីៗជុំវិញការអភិវឌ្ឍ និងការងារសាធារណមតិ

ឯកឧត្តមបញ្ជាក់ថា បច្ចុប្បន្ន ប្រជាពលរដ្ឋកម្ពុជា មានការពេញនិយមប្រើហ្វេសបុក ទិកតុក និងទស្សនាវីដេអូព័ត៌មានខ្លីៗ។ ដូច្នេះ មន្ត្រីព័ត៌មានត្រូវបង្កើនការផលិតមាតិកាព័ត៌មានជាវីដេអូឱ្យបានច្រើនដើម្បីផ្សព្វផ្សាយព្រឹត្តិការណ៍ផ្សេងៗ និងវឌ្ឍនភាពរបស់ខេត្តលើគ្រប់វិស័យ។
ឯកឧត្តមអនុរដ្ឋលេខាធិការបានផ្តល់អនុសាសន៍ថា ដើម្បីឱ្យការផលិតព័ត៌មានប្រកបដោយភាពទាក់ទាញទាមទារឱ្យមន្ត្រីព័ត៌មានសិក្សាស្វែងយល់ និងស្រាវជ្រាវបន្ថែមអំពីបច្ចេកទេសថតវីដេអូ ការជ្រើសរើសប្លង់ថត កាត់តវីដេអូ និងមានភាពច្នៃប្រឌិតខ្ពស់។
ឯកឧត្តមបានណែនាំឱ្យមន្ទីរព័ត៌មានខេត្តព្រៃវែង ក៏ដូចជាមន្ទីរព័ត៌មានផ្សេងៗទៀត ត្រូវរៀបចំផែនការ បណ្ដុះបណ្ដាលធនធានមនុស្ស លើការងារ សោតទស្សន៍ និងបច្ចេកវិទ្យាថ្មីៗដល់មន្ត្រីរាជការបន្ថែមទៀតដើម្បីមានសមត្ថភាពគ្រប់គ្រាន់ធ្វើការងារមានប្រសិទ្ធភាពខ្ពស់ ស្របតាមផែនការអភិវឌ្ឍមូលធនមនុស្សរបស់ក្រសួងព័ត៌មាន និងរាជរដ្ឋាភិបាលនីតិកាលទី៧នេះ ។
ជាងនេះទៀត ឯកឧត្តមអនុរដ្ឋលេខាធិការ បានមានប្រសាសន៍លើកទឹកចិត្ត ដល់មន្ត្រីនៃមន្ទីរព័ត៌មាន ត្រូវសហការជាមួយមន្ទីរជំនាញនានាក្នុងខេត្តដើម្បីផលិតព័ត៌មានបម្រើដល់ការងារសាធារណមតិ និងសេចក្តីត្រូវការនៃការទទួលព័ត៌មានប្រចាំថ្ងៃសម្រាប់គាំទ្រដល់ការសម្រេចចិត្ត និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ក្នុងនោះដែរ មន្ទីរព័ត៌មាន ក៏ត្រូវយកចិត្តទុកដាក់ ពិនិត្យរាល់ព័ត៌មានមិនពិត ឬការបំពុលព័ត៌មានផ្សេងៗ ដើម្បីគ្រប់គ្រងនិង ទប់ស្កាត់ការរីកសាយភាយនៃព័ត៌មានក្លែងក្លាយ និងឆ្លើយតប បំភ្លឺឱ្យបានទាន់ពេលវេលា រាល់ព័ត៌មាន ដែលអាចប៉ះពាល់ដល់ស្ថិរភាព និងសន្តិសុខក្នុងមូលដ្ឋាន។
ឯកឧត្តមបញ្ជាក់ថា មន្ទីរព័ត៌មានរាជធានី-ខេត្តជាសេនាធិការរបស់ក្រសួងព័ត៌មាន ជាពិសេសការគ្រប់គ្រងព័ត៌មាន និងសាធារណមតិ សម្រាប់រដ្ឋបាលខេត្តរបស់ខ្លួន។
លោក ញ៉ែម សៅគ្រី ប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែង បានជម្រាបជូនឯកឧត្តមអ្នកនាំពាក្យ និងក្រុមការងារក្រសួងព័ត៌មាននាពេលនោះថា បច្ចុប្បន្ននេះ មន្ត្រីនៃមន្ទីរព័ត៌មានខេត្តព្រៃវែងបានខិតខំបង្កើតមាតិកាថ្មីៗ និងព័ត៌មានទាក់ទងនឹងសកម្មភាពថ្នាក់ដឹកនាំ និងសមិទ្ធផលការងារក្នុងខេត្តជាប្រចាំ ប៉ុន្តែមិនទាន់បានទូលំទូលាយខ្លាំងនៅឡើយទេ ព្រោះសមត្ថភាព និងសម្ភារៈ របស់មន្ត្រីព័ត៌មាននៅមានកម្រិត ជាពិសេសការងារផលិតវីដេអូដែលមានគុណភាពខ្ពស់ និងមានការទាក់ទាញ។