គ្រួសាររងគ្រោះដោយសារគ្រោះទឹកជំនន់ ចំនួន ៨០គ្រួសារ នៅឃុំចំនួន ២ ទទូលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្ត
ព្រៃវែង៖ ព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ ក្នុងស្មារតីនៃកិច្ចការមនុស្សធម៌ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះមហន្តរាយ ឯកឧត្ដម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនដល់គ្រួសាររងគ្រោះដោយសារទឹកជំនន់ចំនួន ៨០គ្រួសារ រស់នៅឃុំកំពង់ប្រាសាទ និងឃុំកោះសំពៅ ក្នុងស្រុកពាមជរ ខេត្តព្រៃវែង។អំណោយផ្ដល់ជូនក្នុងមួយគ្រួសារ ទទួលបាន÷ អង្ករ ២៥គ.ក្រ, ឃីត(មួយកញ្ចប់), មី ១កេស, ត្រីខ ១យួរ, និងថវិកាចំនួន ៥០.០០០រៀល។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដម បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលជួបការលំបាក និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែងផងដែរ។
ឯកឧត្ដម សួន សុម៉ាលីន បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងដោយសារទឹកជំនន់ ជាពិសេសការថែទាំសុខភាព អនាម័យ និងការមើលថែរក្សាកូនចៅតូចៗកុំឲ្យលង់ទឹក។ ជាមួយគ្នានេះ ឯកឧត្ដម ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន និងក្រុមការងារ ដែលបានចូលរួមយ៉ាងសកម្មក្នុងការងារមនុស្សធម៌នេះ។
ឯកឧត្ដម មានប្រសាសន៍បន្តថា សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង នៅតែបន្តបេសកកម្មមនុស្សធម៌របស់ខ្លួន ដោយឈរលើគោលការណ៍ “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” ដើម្បីជួយសង្គ្រោះ និងស្តារឡើងវិញនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋងាយរងគ្រោះនៅទូទាំងខេត្ត។
បើយោងតាមរបាយការណ៍របស់លោក វ៉ា ធីម អភិបាលស្រុកពាមជរ បានឲ្យដឹងថា ប្រជាពលរដ្ឋក្នុងស្រុកពាមជរ ភូមិដែលរងផលប៉ះពាល់ដោយទឹកជំនន់សរុបចំនួន៤០ ភូមិ គ្រួសាររងផល ៧៦៧ គ្រួសារ ខ្នងផ្ទះចំនួន ៣១៩ ខ្នង ក្នុងនោះ មនុស្សជម្លៀសចំនួន ៤៣ នាក់ និងសត្វចំនួន ២៥ ក្បាល។ បណ្តាលគ្រួសាររងផលប៉ះពាល់ទាំងអស់ គ្រួសារដែលរងផលប៉ះពាល់ខ្លាំងមានចំនួន ៨០ គ្រួសារ។ ចំពោះទីទួលសុវត្ថិភាព ស្រុកពាមជរមានទួលសុវត្ថិភាពចំនួន ២៤ ទួល។ ក្នុងរដូវទឹកជំនន់នេះដែរ ស្រុកពាមជរ បានរងផលប៉ះពាល់ដំណាំកសិផល ដែរអនុវត្តលើផ្ទៃដីចំនួន ៤,៣០៦ ហិកតា រងផលប៉ះពាល់ ៤៦៧ ហិកតា និងខូចខាតចំនួន ២១៥ ហិកតា ក្នុងនោះដំណាំអនុផលចំនួន ២២ ហិកតា៕