ប្រមុខការទូតកម្ពុជា៖ កម្ពុជាមិនប្រើអំណាច ទៅបំពានប្រទេសណាមួយទេ ទោះតូចជាងកម្ពុជាក៏ដោយចេញផ្សាយ ថ្ងៃទី
MoINFO APP
ក្នុងជំនួបរវាងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ ជាមួយឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ, ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា កម្ពុជាមិនប្រើអំណាចទៅបំពានប្រទេសណាមួយទេ ទោះតូចជាងកម្ពុជាក៏ដោយ ព្រោះអ្វីដែលកម្ពុជាចង់បានគឺសន្តិភាព ។ កម្ពុជាបានឆ្លងកាត់សង្គ្រាមបីទសវត្សរ៍ រួចមកហើយ និងសោកនាដកម្មអំពើប្រល័យពូជសាសន៍ ។
នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ចេញផ្សាយដោយក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិកម្ពុជា នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ០២៥នេះ។
មន្ត្រីការទូតជាន់ខ្ពស់ខាងលើ បានសង្កត់ធ្ងន់ថា កម្ពុជាបានយល់ច្បាស់ពីសង្គ្រាម ហើយអ្វីដែលកម្ពុជាចង់បាន គឺសន្តិភាព ដូចកម្ពុចាបានធ្វើនៅក្នុងការបញ្ចូនកងកម្លាំងថែរក្សាសន្តិភាព។
ឆ្លៀតនាឱកាសនោះ ឯកឧត្តម ក៏បានបញ្ជាក់ជាសារជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តផ្តល់ការរួមចំណែកដ៏យ៉ាង សកម្មចំពោះប្រតិបត្តិការថែរក្សាសន្តិភាព និងត្រៀបខ្លួនជាស្រេចក្នុងការចូលរួបក្នុងបេសកកម្មណាមួយ ដែលស្នើដោយអង្គការសហប្រជាជាតិ និងរួមចំណែកដល់ជំនួយមនុស្សធម៌ និងប្រយុទ្ធប្រឆាំង ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណឯកឧត្តមអគ្គលេខាធិការ អ.ស.ប. និងបានពាំនាំអំណរគុណរបស់ររាជរដ្ឋាភិបាលកម្ពុជា ដែលបានបន្តចូលរួមគាំទ្រដល់ការបន្ថយភាពតានតឹង ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ជាពិសេសតាមរយៈសេចក្តីថ្លែងការណ៍ជាវិជ្ជមានរបស់ឯកឧត្តម ដែលអំពាវនាវឱ្យភាគីទាំងសងខាង ឈប់ប្រើប្រាស់កម្លាំង ហើយបានស្នើឱ្យឯកឧត្តមអគ្គលេខាធិការ បន្ត ប្រឹងប្រែងជួយក្នុងកិច្ចការនេះ។
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី បានរំលេចថា កម្ពុជានឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីកាត់បន្ថយភាព តានតឹង កសាងទំនុកចិត្តឡើងវិញ និងស្ដារប្រក្រតីភាពក្នុងទំនាក់ទំនងជាមួយប្រទេសថៃឡើងវិញ៕ ដោយ៖ កន ចំណាន