ឯកឧត្តម តាន់ ហ្សង់ ហ្វ្រង់ស័រ៖ សម្តេចបវរធិបតី ប្រាប់ថ្នាក់ដឹកនាំពិភពលោកថា ជាច្រើនឆ្នាំមកហើយ ដែលកម្ពុជាសម្រេចចិត្តរួចស្រេច ក្នុងការការពារសមុទ្រចេញផ្សាយ ថ្ងៃទី MoINFO APP
ឯកឧត្តម តាន់ ហ្សង់ ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា ក្នុងអំឡុងពេលចូលរួមសន្និសីទ អង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅទីក្រុងនីស ប្រទេសបារាំង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រាប់មេដឹកនាំពិភពលោកថា ជាច្រើនឆ្នាំកន្លងមកហើយ ដែលកម្ពុជាសម្រេចចិត្តរួចស្រេច ក្នុងការការពារសមុទ្ររបស់ខ្លួន ក្នុងន័យនេះ កម្ពុជាទុកបម្រុងថវិកាមួយកញ្ចប់ សម្រាប់ឆ្នាំ២០១៧-២០៣០ ដើម្បីអភិរក្សដែនសមុទ្ររបស់ខ្លួន។
ការបញ្ជាក់របស់ថ្នាក់ដឹកនាំខាងលើនេះ បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥នេះ ក្រោយបញ្ចប់បេសកកម្មដោយជោគជ័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងដំណើរអញ្ជើញចូលរួម សន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅទីក្រុងនីស ប្រទេសបារាំង ខណៈដែលនេះជាដំណើរបំពេញបេសកកម្មការងារ នៅក្រៅប្រទេសថ្មីមួយទៀត របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រីនៃកម្ពុជា បន្ទាប់ពី សម្តេច បានអញ្ជើញបំពេញទស្សនកិច្ច ប្រកបដោយជោគជ័យដ៏ធំធេង ក្នុងតំបន់អាស៊ី អាមេរិក អឺរ៉ុប និងមជ្ឈិមបូព៌ា នាពេលកន្លងមក។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននាឱកាសនេះ ឯកឧត្តម តាន់ ហ្សង់ ហ្វ្រង់ស័រ បានគូសបញ្ជាក់ថា សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា បានបន្លឺសំឡេងរបស់កម្ពុជា ដើម្បីទាញសញ្ញាអាសន្ន ដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកជាសំណួរ ថាតើពិភពលោកបច្ចុប្បន្ន នៅបន្តព្រងើយកន្តើយ មិនយកចិត្តទុកដាក់ ចំពោះមហាសមុទ្រ ឬក៏ត្រូវផ្តើមកៀកស្មារួបរួម ការពារមហាសមុទ្រ។
សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្ពុជា សូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តដ៏មោះមុតរបស់ខ្លួន ដើម្បីក្លាយជាភាគីនៃកិច្ចព្រមព្រៀង BBNJ ដែលត្រូវបានអនុម័តកាលពីថ្ងៃទី១៩ មិថុនា ឆ្នាំ២០២៣ ។ ក្នុងនោះសម្តេចធិបតី បានប្រកាសដោយមោទនភាពថា កម្ពុជា នឹងឈានមួយជំហានទៅមុខទៀត ដោយយល់ព្រមចុះហត្ថលេខា លើកិច្ចព្រមព្រៀង BBNJ ដើម្បីបញ្ជាក់ជាផ្លូវការនូវការប្តេជ្ញាចិត្តរបស់ខ្លួន ។
បន្ថែមលើនេះ សម្តេចធិបតី បានអំពាវនាវសហគមន៍អន្តរជាតិ ផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ដល់ប្រទេសកំពុងអភិវឌ្ឍ ដើម្បីពង្រឹងសមត្ថភាពអភិរក្សសមុទ្រ និងការគ្រប់គ្រងធនធាន ប្រកបដោយចីរភាព ។ ការគាំទ្រទាំងនេះ រួមមានការធានា នូវលទ្ធភាពទទួលបាន ចំណេះដឹង បច្ចេកវិទ្យា និងមូលនិធី ជាពិសេសសម្រាប់ការស្រាវជ្រាវសមុទ្រ ការតាមដានត្រួតពិនិត្យ និងការបង្កើតនូវរបៀបរបបគ្រប់គ្រង ការនេសាទប្រកបដោយភាពរឹងមាំ និងចីរភាព ដោយត្រូវធានាថា គ្មានប្រទេសណាមួយ ត្រូវបានគេទុកចោល ក្នុងកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីការពារមហាសមុទ្រនោះឡើយ៕ អត្ថបទ៖ RNK