ខេត្តព្រៃវែងបន្តជំហានទី២ នៃយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ដាស់តឿនយុវជនឱ្យចេះពិចារណា មុនជឿ និងចែករំលែកព័ត៌មាន!
ព្រៃវែង៖ ព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម អន ភារៈ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម ម៉ែន សាម៉ន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ដែលប្រារព្ធធ្វើឡើងនៅវិទ្យាល័យព្រះអង្គឌួង ក្រុងព្រៃវែង ខេត្តព្រៃវែង។យុទ្ធនាការនេះមានគោលបំណងលើកកម្ពស់ការយល់ដឹងរបស់សិស្សានុសិស្ស និងយុវជនអំពីផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយ ព្រមទាំងជំរុញឱ្យមានការចូលរួមប្រកបដោយការទទួលខុសត្រូវក្នុងការប្រើប្រាស់បណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើម្បីរួមគ្នាទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលអាចបង្កឱ្យមានការភាន់ច្រឡំ និងប៉ះពាល់ដល់សង្គមជាតិ។
ក្នុងឱកាសនោះ ការផ្សព្វផ្សាយយុទ្ធនាការនេះក៏ជាការដាស់តឿនដល់សិស្សានុសិស្ស និងយុវជនឱ្យចេះពិចារណា ផ្ទៀងផ្ទាត់ប្រភពព័ត៌មានឱ្យបានច្បាស់លាស់ មុននឹងជឿ ឬចែករំលែកទៅកាន់អ្នកដទៃ ជាពិសេសនៅលើបណ្តាញសង្គម ដែលព័ត៌មានអាចរីករាលដាលយ៉ាងឆាប់រហ័ស។
ការបន្តអនុវត្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នៅខេត្តព្រៃវែងនេះ គឺជាការចូលរួមចំណែកដ៏សំខាន់ក្នុងការកសាងសង្គមដែលមានការយល់ដឹងខ្ពស់អំពីព័ត៌មាន ជំរុញការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយប្រកបដោយសីលធម៌ និងការទទួលខុសត្រូវ ព្រមទាំងរួមគ្នាថែរក្សាសន្តិសុខព័ត៌មាន និងសណ្តាប់ធ្នាប់សង្គម។
អង្គភាពសារព័ត៌មាន ព្រុំសុជា ហតញូស៍ (PSC News) សូមចូលរួមផ្សព្វផ្សាយ និងលើកកម្ពស់ស្មារតី «គិតមុនជឿ ពិនិត្យមុនចែករំលែក និងនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ដើម្បីរួមចំណែកកសាងសង្គមព័ត៌មានដែលមានភាពត្រឹមត្រូវ និងទំនួលខុសត្រូវខ្ពស់។
















