គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ អញ្ជើញទស្សនាប្រាសាទអង្គរវត្ត នៅថ្ងៃដំបូងនៃព្រះរាជពិធីបុណ្យអុំទូក

 

ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ អញ្ជើញទស្សនាប្រាសាទអង្គរវត្ត នៅថ្ងៃដំបូងនៃព្រះរាជពិធីបុណ្យអុំទូក
ចេញផ្សាយ ថ្ងៃទី 

AKP សៀមរាប ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ — ភ្ញៀវទេសចរណ៍នៅតំបន់រមណីយដ្ឋានអង្គរ មានភាពអ៊ូអរ និងស្រស់ស្រាយគួរឱ្យកត់សម្គាល់ ខណៈដែលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បានអញ្ជើញមកទស្សនាប្រាសាទអង្គរវត្ត ដើម្បីទស្សនាសម្រស់ស្ថាបត្យកម្មបុរាណខ្មែរ និងស្វែងយល់ពីតម្លៃប្រវត្តិសាស្ត្រនៃអរិយធម៌ខ្មែរ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ដែលជាថ្ងៃដំបូងនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។

តាមទិដ្ឋភាពជាក់ស្តែងនៅតំបន់ប្រាសាទអង្គរវត្ត គេសង្កេតឃើញមានភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍មកពីគ្រប់ទិសទី បានធ្វើដំណើរចូលទស្សនាប្រាសាទយ៉ាងច្រើនកុះករ ដោយអ្នកខ្លះបានដើរទស្សនាតាមបរិវេណប្រាសាទ ថតរូបអនុស្សាវរីយ៍ជាមួយសំណង់ប្រាសាទដ៏អស្ចារ្យ និងអ្នកខ្លះទៀតបានចំណាយពេលស្វែងយល់ពីរចនាបថស្ថាបត្យកម្ម ចម្លាក់លៀន និងស្នាដៃសិល្បៈដ៏វិចិត្រដែលបន្សល់ទុកពីបុព្វបុរសខ្មែរ។

ការកើនឡើងនៃចំនួនភ្ញៀវទេសចរណ៍មកកាន់តំបន់អង្គរនាឱកាសនេះ បានបង្ហាញពីភាពទាក់ទាញនៃសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃរបស់កម្ពុជា ព្រមទាំងឆ្លុះបញ្ចាំងពីសក្តានុពលទេសចរណ៍នៃខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រដ៏ល្បីល្បាញលើឆាកអន្តរជាតិ។

ជាមួយគ្នានេះ ការមកទស្សនារបស់ភ្ញៀវទេសចរណ៍ក្នុងឱកាសពិធីបុណ្យជាតិដ៏ធំនេះ ក៏ជាឱកាសដ៏ល្អសម្រាប់ជំរុញសកម្មភាពសេដ្ឋកិច្ចក្នុងមូលដ្ឋាន ជាពិសេសវិស័យសេវាកម្មទេសចរណ៍ មគ្គុទ្ទេសក៍ទេសចរណ៍ មធ្យោបាយដឹកជញ្ជូន អាជីវកម្មម្ហូបអាហារ និងសេវាកម្មពាក់ព័ន្ធផ្សេងៗ។

ប្រាសាទអង្គរវត្ត មិនត្រឹមតែជានិមិត្តរូបនៃអត្តសញ្ញាណជាតិ និងមោទនភាពរបស់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរណ៍ពីជុំវិញពិភពលោកឱ្យមកស្គាល់ និងស្វែងយល់ពីភាពរុងរឿងនៃអរិយធម៌ខ្មែរផងដែរ។

ទិដ្ឋភាពដ៏រស់រវើកនៅតំបន់អង្គរនាថ្ងៃដំបូងនៃព្រះរាជពិធីបុណ្យអុំទូកនេះ បានបន្ថែមពណ៌ស្រស់ស្អាតដល់បរិយាកាសទេសចរណ៍ក្នុងខេត្តសៀមរាប និងជាសក្ខីភាពមួយបង្ហាញថា អង្គរនៅតែជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយភាព ដែលភ្ញៀវជាតិ និងអន្តរជាតិប្រាថ្នាចង់មកទស្សនាមិនដាច់៕ ដោយ៖ ឃុត សៅ


إرسال تعليق

أحدث أقدم