ឯកឧត្តម សួន សុម៉ាលីន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី៣ ឆ្នាំ២០២៦ និងដាក់ចេញទិសដៅការងារបន្ត ដើម្បីពង្រឹងប្រសិទ្ធភាពសកម្មភាពមនុស្សធម៌នៅខេត្តព្រៃវែង!
ខេត្តព្រៃវែង៖ នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារត្រីមាសទី៣ ឆ្នាំ២០២៦ និងពិភាក្សាលើទិសដៅការងារបន្ត ដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្តសកម្មភាពមនុស្សធម៌ និងការជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបការលំបាកក្នុងខេត្តព្រៃវែង។កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពីគណៈកម្មាធិការសាខាខេត្ត ក្រុមប្រតិបត្តិសាខា អនុសាខាខេត្ត អនុសាខាមន្ទីរ-អង្គភាពជុំវិញខេត្ត និងអនុសាខាក្រុង ស្រុក សរុបចំនួន ៣៣រូប។
កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ និងវាយតម្លៃលើលទ្ធផលសកម្មភាពការងារដែលសម្រេចបានក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ ព្រមទាំងពិភាក្សាអំពីបញ្ហាប្រឈម និងដាក់ចេញទិសដៅការងារបន្ត ដើម្បីធានាឱ្យការអនុវត្តសកម្មភាពមនុស្សធម៌កាន់តែមានប្រសិទ្ធភាព ឆ្លើយតបទាន់ពេលវេលាចំពោះតម្រូវការរបស់ប្រជាពលរដ្ឋងាយរងគ្រោះ និងលើកកម្ពស់ស្មារតីសាមគ្គីភាពក្នុងការជួយសង្គ្រោះអ្នកដែលកំពុងជួបការលំបាក។
តាមរយៈកិច្ចប្រជុំនេះ ក៏បានបង្ហាញពីការបន្តយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ និងសមាជិកសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ក្នុងការជំរុញសកម្មភាពមនុស្សធម៌ឱ្យកាន់តែសកម្ម និងមានភាពជិតស្និទ្ធជាមួយប្រជាពលរដ្ឋ ស្របតាមគោលការណ៍មនុស្សធម៌ និងបេសកកម្មរបស់កាកបាទក្រហមកម្ពុជា។
អង្គភាពសារព័ត៌មាន ព្រុំសុជា ហតញូស៍ (PSC News)








