គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

«មិនត្រឹមតែផ្តល់ផ្ទះទេ ថែមទាំងគិតគូរដល់ជីវភាព និងការសិក្សារបស់កុមារ! ឯកឧត្តម សួន សុម៉ាលីន ដឹកនាំក្រុមការងារប្រគល់ផ្ទះ ៣ខ្នងជូនគ្រួសារងាយរងគ្រោះ»

 «មិនត្រឹមតែផ្តល់ផ្ទះទេ ថែមទាំងគិតគូរដល់ជីវភាព និងការសិក្សារបស់កុមារ! ឯកឧត្តម សួន សុម៉ាលីន ដឹកនាំក្រុមការងារប្រគល់ផ្ទះ ៣ខ្នងជូនគ្រួសារងាយរងគ្រោះ»

ព្រៃវែង៖ ដោយយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលជួបការលំបាក នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បានដឹកនាំគណៈកម្មាធិការសាខាខេត្ត និងក្រុមការងារពាក់ព័ន្ធ ចុះប្រគល់ផ្ទះចំនួន ៣ខ្នង និងបង្គន់អនាម័យចំនួន ៣ ជូនដល់គ្រួសារក្រីក្រមួយគ្រួសារ និងគ្រួសាររងហានិភ័យចំនួន ២គ្រួសារ ដែលរស់នៅក្នុងសង្កាត់បារាយណ៍ សង្កាត់តាកោ និងសង្កាត់ជើងទឹក នៃក្រុងព្រៃវែង ខេត្តព្រៃវែង។

ក្នុងឱកាសនោះ ឯកឧត្តម សួន សុម៉ាលីន បានដឹកនាំគណៈកម្មាធិការសាខាខេត្ត ប្រតិភូអមដំណើរ មន្ទីរ និងអង្គភាពជុំវិញខេត្ត ក្រុមប្រតិបត្តិសាខា ប្រធានគណៈកម្មាធិការអនុសាខាក្រុងព្រៃវែង ក្រុមកាកបាទក្រហមតាមបណ្តាសង្កាត់ អ្នកស្ម័គ្រចិត្ត ទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា ចូលរួមក្នុងសកម្មភាពមនុស្សធម៌នេះ។ ផ្ទះនីមួយៗមានទំហំ ៤ម៉ែត្រ គុណ ៦ម៉ែត្រ សាងសង់ពីឈើ ដំបូលប្រក់ក្បឿងជ័រ និងជញ្ជាំងជ័រ ដែលជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ដើម្បីជួយសម្រួលដល់ការរស់នៅរបស់គ្រួសារដែលកំពុងជួបការលំបាក។

ក្រៅពីការផ្តល់ជូនផ្ទះ និងបង្គន់អនាម័យ គ្រួសារទទួលផលនីមួយៗក៏ទទួលបានអង្ករ ២៥គីឡូក្រាម ឃីតមួយកញ្ចប់ ដែលមានមុង ភួយ សារុង និងក្រមា មីមួយកេស ត្រីខមួយយួរ និងថវិកាចំនួន ១០០.០០០រៀល។ ជាមួយគ្នានេះ កូនៗរបស់គ្រួសារទទួលផលនៅសង្កាត់តាកោ និងសង្កាត់ជើងទឹក ក៏ទទួលបានកង់មួយគ្រឿងក្នុងមួយគ្រួសារ សម្រាប់ប្រើប្រាស់ក្នុងការធ្វើដំណើរទៅសាលារៀន ដើម្បីសម្រួលដល់ការសិក្សារបស់ពួកគេ។

អ្វីដែលគួរឱ្យកត់សម្គាល់ គឺការយកចិត្តទុកដាក់ដោះស្រាយសំណូមពរបន្ថែមរបស់គ្រួសារទទួលផល ដោយឯកឧត្តម សួន សុម៉ាលីន បានផ្តល់ការសម្របសម្រួលតបណ្តាញអគ្គិសនី និងស្នើសម្របសម្រួលផ្តល់អណ្តូងទឹកមួយជូនគ្រួសារនៅសង្កាត់បារាយណ៍ តាមរយៈមន្ទីរអភិវឌ្ឍន៍ជនបទ។ ជាមួយគ្នានេះ ក៏មានការឧបត្ថម្ភកង់មួយគ្រឿងបន្ថែមដល់គ្រួសារនៅសង្កាត់តាកោ និងម៉ូតូចំនួន ២គ្រឿង ដល់គ្រួសារនៅសង្កាត់បារាយណ៍មួយគ្រឿង និងសង្កាត់ជើងទឹកមួយគ្រឿង ព្រមទាំងសម្របសម្រួលផ្តល់ឧបករណ៍ជំនួយដល់កុមារម្នាក់ក្នុងគ្រួសាររងហានិភ័យនៅសង្កាត់ជើងទឹក ដោយមានមន្ទីរសង្គមកិច្ចចូលរួមសម្របសម្រួល។

ដោយឡែក អនុសាខាកាកបាទក្រហមកម្ពុជាក្រុងព្រៃវែង ក៏បានផ្តល់ជំនួយបន្ថែមជូនគ្រួសារទទួលផល រួមមានអង្ករ ២៥គីឡូក្រាម មីមួយកេស និងថវិកាចំនួន ១០០.០០០រៀល។ ក្នុងឱកាសនោះដែរ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ក៏បានឧបត្ថម្ភថវិកាជូនលោកយាយ លោកតា ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីផងដែរ។

សកម្មភាពមនុស្សធម៌នេះបានបង្ហាញពីការយកចិត្តទុកដាក់របស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង និងអាជ្ញាធរពាក់ព័ន្ធ ក្នុងការជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋងាយរងគ្រោះ មិនត្រឹមតែផ្តល់ទីជម្រកសមរម្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគិតគូរដល់តម្រូវការចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃ និងការសិក្សារបស់កុមារ ស្របតាមស្មារតីមនុស្សធម៌ និងការចែករំលែកក្នុងសង្គម៕

Post a Comment

Previous Post Next Post