គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ខេត្តព្រៃវែងទទួលបានជ័យលាភី ODF Plus ក្លាយជាខេត្តទី៣ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលសម្រេចបានសមិទ្ធផលដ៏មានសារៈសំខាន់លើវិស័យទឹកស្អាត អនាម័យ និងសុខភាពជនបទ!

 ខេត្តព្រៃវែងទទួលបានជ័យលាភី ODF Plus ក្លាយជាខេត្តទី៣ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលសម្រេចបានសមិទ្ធផលដ៏មានសារៈសំខាន់លើវិស័យទឹកស្អាត អនាម័យ និងសុខភាពជនបទ!

ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ និងប្រកាសទទួលស្គាល់ខេត្តព្រៃវែង ជាខេត្តដែលទទួលបានជ័យលាភី បញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF Plus) ដែលប្រារព្ធឡើងនៅខេត្តព្រៃវែង។

ការទទួលបានសមិទ្ធផលនេះ ត្រូវបានចាត់ទុកថាជាមោទនភាពដ៏ធំមួយរបស់ខេត្តព្រៃវែង ព្រមទាំងជាសក្ខីភាពបង្ហាញពីការខិតខំប្រឹងប្រែងរួមគ្នារបស់រដ្ឋបាលខេត្ត មន្ទីរ អង្គភាព អាជ្ញាធរមូលដ្ឋាន អង្គការដៃគូ និងប្រជាពលរដ្ឋ ក្នុងការលើកកម្ពស់ការប្រើប្រាស់ទឹកស្អាត អនាម័យ និងសុខភាពនៅតាមសហគមន៍ជនបទ។

ក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងអភិវឌ្ឍន៍ជនបទ អង្គការដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមគាំទ្រទាំងផ្នែកស្មារតី ធនធាន សម្ភារៈ និងបច្ចេកទេស ក្នុងដំណើរការអនុវត្តការងារផ្គត់ផ្គង់ទឹកស្អាត សុខភាព និងអនាម័យជនបទនៅក្នុងខេត្តព្រៃវែង។

ជ័យលាភី ODF Plus នេះ ក៏ជាសមិទ្ធផលដ៏មានតម្លៃមួយសម្រាប់ខេត្តព្រៃវែង ដោយបានក្លាយជាខេត្តទី៣ នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្រេចបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់។ សមិទ្ធផលនេះមិនត្រឹមតែបង្ហាញពីការរីកចម្រើនផ្នែកអនាម័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់លើសុខភាព សុវត្ថិភាព និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋផងដែរ។

ការអនុវត្តការងារទឹកស្អាត និងអនាម័យជនបទ គឺជាកត្តាសំខាន់ក្នុងការកាត់បន្ថយហានិភ័យនៃជំងឺឆ្លងដែលពាក់ព័ន្ធនឹងទឹក និងអនាម័យ ព្រមទាំងជួយលើកកម្ពស់បរិស្ថានរស់នៅឱ្យកាន់តែស្អាត មានសុវត្ថិភាព និងមានសុខភាពល្អ។

ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃក្រសួងអភិវឌ្ឍន៍ជនបទ រួមមាន ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងប្រតិភូអមក្រសួង ព្រមទាំងសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងរាជធានី-ខេត្តទាំង២៤ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី-ខេត្តទាំង២៤ អភិបាលក្រុង ស្រុកទាំង១៣ មេបញ្ជាការកងកម្លាំងទាំងបី និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត។

ជាមួយគ្នានេះ ក៏មានការចូលរួមពីតំណាងអង្គការដៃគូអភិវឌ្ឍន៍ អង្គការ សមាគម ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុឯកជន លោកគ្រូ អ្នកគ្រូ យុវជន ស.ស.យ.ក. យុវជនកាកបាទក្រហម យុវជនកាយរឹទ្ធិ សិស្សានុសិស្ស អាជ្ញាធរឃុំ សង្កាត់ ភូមិ និងក្រុមការងារពាក់ព័ន្ធ សរុបប្រមាណ ១,៣៧២រូប។

សមិទ្ធផល ODF Plus ដែលខេត្តព្រៃវែងទទួលបាននាពេលនេះ គឺជាកម្លាំងចិត្តថ្មីមួយសម្រាប់អាជ្ញាធរ និងប្រជាពលរដ្ឋក្នុងការបន្តថែរក្សាសមិទ្ធផលដែលសម្រេចបាន និងជំរុញការអនុវត្តការងារទឹកស្អាត អនាម័យ និងសុខភាពឱ្យកាន់តែមានប្រសិទ្ធភាព និងចីរភាព។

ជាពិសេស សមិទ្ធផលនេះអាចក្លាយជាគំរូ និងជាមូលដ្ឋានសម្រាប់ការបន្តលើកកម្ពស់វប្បធម៌អនាម័យនៅក្នុងសហគមន៍ ដោយផ្តោតលើការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ដើម្បីធានាថា បរិស្ថានស្អាត សុខភាពល្អ និងការរស់នៅប្រកបដោយអនាម័យ ក្លាយជាទម្លាប់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង។

ការទទួលបាន ODF Plus មិនមែនជាចំណុចបញ្ចប់នៃការងារអនាម័យទេ ប៉ុន្តែជាជំហានថ្មីសម្រាប់ខេត្តព្រៃវែង ក្នុងការរក្សា និងលើកកម្ពស់សមិទ្ធផល ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានសុខភាពល្អ និងគុណភាពជីវិតកាន់តែប្រសើរ។

إرسال تعليق

أحدث أقدم