ថ្នាក់ដឹកនាំខេត្តព្រៃវែង អមដំណើរសម្តេច សាយ ឈុំ ចុះពិនិត្យទីតាំងត្រៀមសាងសង់ស្តូបអនុស្សាវរីយ៍ចលនាតស៊ូប្រឆាំងរបប ប៉ុល ពត!
ព្រៃវែង៖ នាព្រឹកថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញអមដំណើរ សម្តេចវិបុលសេនាភក្ដី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងមានវត្តមានឯកឧត្តម វង សូត ប្រធានគណៈកម្មការចងក្រងឯកសារ និងសាងសង់ស្តូបអនុស្សាវរីយ៍ចលនាតស៊ូប្រឆាំងនឹងរបបប្រល័យពូជសាសន៍ ប៉ុល ពត ចុះពិនិត្យទីតាំងត្រៀមសាងសង់ស្តូបអនុស្សាវរីយ៍។ការចុះពិនិត្យទីតាំងនេះ បានធ្វើឡើងនៅ ភូមិភាគបូព៌ា តំបន់ព្រៃតាទក (តំបន់៥៧៨) ស្ថិតក្នុងភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ដែលជាទីតាំងមានសារៈសំខាន់ពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រចលនាតស៊ូប្រឆាំងនឹងរបបប្រល័យពូជសាសន៍ ប៉ុល ពត។
ការរៀបចំសាងសង់ស្តូបអនុស្សាវរីយ៍នេះ មានគោលបំណងចងចាំ និងរក្សាទុកនូវប្រវត្តិសាស្ត្រ ព្រមទាំងរំលឹកដល់ការលះបង់ និងការតស៊ូរបស់អ្នកដែលបានចូលរួមប្រយុទ្ធប្រឆាំងនឹងរបបប្រល័យពូជសាសន៍ ដើម្បីរំដោះប្រជាពលរដ្ឋ និងនាំមកនូវសន្តិភាព និងការរស់នៅប្រកបដោយសុខសាន្តសម្រាប់ប្រទេសជាតិ។
ជាមួយគ្នានេះ ការចុះពិនិត្យទីតាំងដោយផ្ទាល់របស់ថ្នាក់ដឹកនាំ ក៏ជាផ្នែកមួយនៃការរៀបចំ និងកំណត់ទីតាំងឱ្យបានសមស្រប សម្រាប់ការសាងសង់ស្តូបអនុស្សាវរីយ៍ឱ្យមានគុណតម្លៃប្រវត្តិសាស្ត្រ និងអាចក្លាយជាទីកន្លែងសម្រាប់ការសិក្សា ស្រាវជ្រាវ និងការចងចាំរបស់ប្រជាពលរដ្ឋ ជាពិសេសយុវជនជំនាន់ក្រោយ។
ស្តូបអនុស្សាវរីយ៍នេះ ត្រូវបានរំពឹងថា នឹងក្លាយជាសក្ខីភាពមួយសម្រាប់រំលឹកដល់ប្រវត្តិសាស្ត្រដ៏ឈឺចាប់របស់កម្ពុជា និងបង្ហាញពីតម្លៃនៃ សន្តិភាព ការរួបរួមជាតិ និងការមិនភ្លេចប្រវត្តិសាស្ត្រ ដើម្បីជាមេរៀនសម្រាប់មនុស្សជំនាន់ក្រោយ។








