ថ្នាក់ដឹកនាំខេត្តព្រៃវែង អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមប្រព័ន្ធ Zoom ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត!
ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានដឹកនាំ និងអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង (Zoom) ពីសាលប្រជុំពហុបំណង (B) សាលាខេត្តព្រៃវែង។កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ព្រមទាំងនាយកទីចាត់ការនានានៃសាលាខេត្ត។
ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនេះ មានរបៀបវារៈសំខាន់ៗចំនួន៦ រួមមាន៖
ទី១- សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពពាក់កណ្តាលអាណត្តិ នៃការអនុវត្តគោលនយោបាយជាតិប្រជាជន ឆ្នាំ២០១៦-២០៣០។
ទី២- របាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
ទី៣- របាយការណ៍វឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាព និងវិធានការគន្លឹះក្នុងវិស័យសុខាភិបាល។
ទី៤- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារស្តីពីវិសោធនកម្មធម្មនុញ្ញអាស៊ាន។
ទី៥- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិរបស់លេខាធិការដ្ឋាន បុគ្គលិក និងតំណាងរបស់សមាជិកនៃសន្និសីទស្តីពីវិធានការកសាងទំនុកចិត្ត និងអន្តរកម្មនៅអាស៊ី (CICA)។
ទី៦- បញ្ហាផ្សេងៗ។
ការចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីតាមប្រព័ន្ធបញ្ជូនរូបភាព និងសំឡេងនេះ បានបង្ហាញពីការយកចិត្តទុកដាក់ និងការចូលរួមយ៉ាងសកម្មរបស់រដ្ឋបាលខេត្តព្រៃវែង ក្នុងការតាមដានទិសដៅការងារ គោលនយោបាយ និងវិធានការសំខាន់ៗរបស់រាជរដ្ឋាភិបាល ដើម្បីឈានទៅអនុវត្តឱ្យមានប្រសិទ្ធភាពនៅថ្នាក់មូលដ្ឋាន។










