សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ប្រគល់ផ្ទះ ៤ខ្នង និងអំណោយមនុស្សធម៌ ជូនគ្រួសារងាយរងគ្រោះនៅខេត្តព្រៃវែង!
ព្រៃវែង៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បានដឹកនាំគណៈកម្មាធិការសាខា ប្រតិភូអមដំណើរ មន្ទីរ-អង្គភាព ក្រុមប្រតិបត្តិសាខា ក្រុមការងារអនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំ អ្នកស្ម័គ្រចិត្ត ទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា ចុះប្រគល់ផ្ទះ និងអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាក និងមានជីវភាពខ្វះខាត នៅក្នុងខេត្តព្រៃវែង។ក្នុងឱកាសនោះ សាខាកាកបាទក្រហមកម្ពុជាខេត្ត និងសាខាស្រុក បានប្រគល់ផ្ទះសរុបចំនួន ៤ខ្នង មានទំហំ ៤ម៉ែត្រ x ៦ម៉ែត្រ សាងសង់ពីឈើ ដំបូលប្រក់ក្បឿងជ័រ និងជញ្ជាំងជ័រ ព្រមទាំងបង្គន់អនាម័យ និងអំណោយមនុស្សធម៌ ជូនដល់ គ្រួសារក្រីក្រ ១គ្រួសារ នៅឃុំកោះចេក ស្រុកពាមជរ; គ្រួសារចាស់ជរាឥតទីពឹង ១គ្រួសារ នៅឃុំព្រែកខ្សាយ(ខ); និងគ្រួសាររងហានិភ័យ ២គ្រួសារ នៅឃុំបាបោង ស្រុកពាមរក៍ ខេត្តព្រៃវែង។
ក្រៅពីផ្ទះ និងបង្គន់អនាម័យ សាខាកាកបាទក្រហមកម្ពុជាខេត្ត និងសាខាស្រុក ក៏បានផ្តល់ជូនបន្ថែមនូវថវិកា កង់ សម្ភារៈប្រើប្រាស់ គ្រឿងឧបភោគ-បរិភោគ និងសម្ភារៈចាំបាច់មួយចំនួនទៀត ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពប្រចាំថ្ងៃរបស់គ្រួសារទទួលអំណោយ។ ជាមួយគ្នានេះ ក៏បានឧបត្ថម្ភថវិកាជូនលោកយាយ លោកតា និងប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីផងដែរ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម សួន សុម៉ាលីន បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើ និងសាកសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ ឬនិន្នាការនយោបាយ ស្របតាមពាក្យស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។
ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះសុខភាពក្នុងរដូវវស្សា ជាពិសេសការការពារជំងឺគ្រុនឈាម តាមរយៈការរក្សាអនាម័យ និងបរិស្ថានជុំវិញលំនៅឋានឱ្យបានល្អ។ ក្នុងនោះ ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ «រស់នៅស្អាត ផឹកស្អាត ហូបស្អាត» និងចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីការពារសុវត្ថិភាព និងសុខភាពរបស់ខ្លួន ក្រុមគ្រួសារ និងសហគមន៍។
សកម្មភាពមនុស្សធម៌នេះ ត្រូវបានមហាជនមើលឃើញថា ជាការចូលរួមដ៏មានសារៈសំខាន់ក្នុងការជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋក្រីក្រ ចាស់ជរាឥតទីពឹង និងគ្រួសារងាយរងគ្រោះ ព្រមទាំងបង្ហាញពីការយកចិត្តទុកដាក់របស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។














