អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកពាមជរ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជួយគ្រួសារស្ត្រីមានពិការភាពរងគ្រោះដោយសារផ្ទុះហ្គាស បង្ហាញពីស្មារតីមិនបោះបង់ប្រជាពលរដ្ឋណាម្នាក់ចោល!
ព្រៃវែង៖ ក្នុងស្មារតីមនុស្សធម៌ និងការចែករំលែកក្ដីស្រឡាញ់ដល់អ្នករងគ្រោះ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកពាមជរ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅជូនគ្រួសារមួយនៅភូមិស្ពាន ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង ដែលស្ត្រីមានពិការភាពចំនួន ២នាក់ បានរងរបួសដោយសារគ្រោះថ្នាក់ផ្ទុះហ្គាស បង្កឱ្យក្រុមគ្រួសារជួបការលំបាកយ៉ាងខ្លាំង។បេសកកម្មមនុស្សធម៌នេះ ដឹកនាំដោយលោកស្រី ញ៉ែម ផារ៉ា ហេរញ្ញិកគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកពាមជរ រួមជាមួយមន្ត្រីប្រចាំការ បុគ្គលិកកិច្ចសន្យា សហការីកាកបាទក្រហមឃុំ និងអ្នកស្ម័គ្រចិត្តភូមិ បានអញ្ជើញទៅសាកសួរសុខទុក្ខដោយផ្ទាល់ ព្រមទាំងលើកទឹកចិត្តឱ្យគ្រួសាររងគ្រោះមានកម្លាំងចិត្តក្នុងការជម្នះឧបសគ្គ និងស្តារជីវភាពឡើងវិញ។
ក្នុងឱកាសនោះ លោកស្រី ញ៉ែម ផារ៉ា បាននាំយកប្រសាសន៍ផ្ដាំផ្ញើ និងការសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង និងជាពិសេស ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយប្រកាន់ខ្ជាប់នូវបាវចនា «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា» និង «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោលឡើយ»។
អំណោយមនុស្សធម៌ដែលអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកពាមជរ ផ្តល់ជូនរួមមាន៖ ទឹកក្រូច ១កេស សម្ភារផ្ទះបាយ ១ឈុត ស៊ុមទឹកក្ដៅ ១ និងថវិកាចំនួន ១០០,០០០រៀល។
ដោយឡែក ក្រុមកាកបាទក្រហមឃុំកោះចេក ក៏បានចូលរួមឧបត្ថម្ភនូវមីកន្លះកេស ត្រីខ ១យួរ អង្ករ ៣០គីឡូក្រាម សម្ភារដំណេក ១ឈុត ទឹកត្រី ២ដប ទឹកស៊ីអ៊ីវ ២ដប ទឹកក្រូច ២កំប៉ុង និងថវិកា ៥០,០០០រៀល។






