តើជា «ឆ្នាំងបាយ» អស់លោកអាជ្ញាធរមែនទេ? ល្បែងឡូតូ «ការ៉េ 8888» តាមផ្លូវជាតិលេខ១ ខណ្ឌច្បារអំពៅ បើកលេងយ៉ាងរំភើយ រហូតពលរដ្ឋខ្លះអស់ម៉ូតូ ឡាន និងជំពាក់បំណុលជុំទិស!
(រាជធានីភ្នំពេញ)៖ ប្រជាពលរដ្ឋកំពុងផ្ទុះការរិះគន់ និងសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ជុំវិញទីតាំងល្បែងស៊ីសងឡូតូ «ការ៉េ 8888» ដែលកំពុងបើកដំណើរការផ្សាយតាមកញ្ចក់ទូរទស្សន៍យ៉ាងអាណាធិបតេយ្យ នៅតាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា ទីតាំងល្បែងមួយនេះបានទាញទាញក្រុមអ្នកញៀនល្បែងឱ្យចូលលេងយ៉ាងពពាក់ពពូន រហូតអ្នកខ្លះត្រូវបាត់បង់ទ្រព្យសម្បត្តិ លក់អស់ម៉ូតូ ឡាន និងជំពាក់បំណុលធនាគារ អង្គការ ព្រមទាំងការប្រាក់រ៉ាប់រងជុំទិស បង្កជាមហន្តរាយដល់គ្រួសារ និងសន្តិសុខសង្គម។
អ្វីដែលធ្វើឱ្យមហាជនឆ្ងល់ និងដាក់ការសង្ស័យខ្លាំងនោះគឺ ទីតាំងល្បែងខុសច្បាប់បើកចំហរលើផ្លូវជាតិធំបែបនេះ ហេតុអ្វីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានខណ្ឌច្បារអំពៅ បែរជាមើលមិនឃើញ? ឬមួយទីតាំងនេះជា «ឆ្នាំងបាយ» របស់អស់លោកអាជ្ញាធរមូលដ្ឋាន ទៅហើយបានជាមិនព្រមចុះបង្ក្រាប?
ពលរដ្ឋគោរពអំពាវនាវយ៉ាងទទូចដល់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាចាត់កម្លាំងអន្តរាគមន៍ស្រាវជ្រាវ និងចុះបង្ក្រាបទីតាំងល្បែង «ការ៉េ 8888» នេះជាបន្ទាន់ ដើម្បីសង្គ្រោះពលរដ្ឋ និងពង្រឹងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។






