នយោបាយឈ្នះ-ឈ្នះ នាំឱ្យកម្ពុជាសម្រេចបានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃចេញផ្សាយ ថ្ងៃទី
ឯកឧត្តម កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអ.ស.ប. បានសង្កត់ធ្ងន់លើនយោបាយឈ្នះ-ឈ្នះ ដែលនាំឱ្យកម្ពុជាសម្រេចបានការផ្សះផ្សាជាតិ ការរំសាយអាវុធ និងការធ្វើសមាហរណកម្មឡើងវិញ ដោយបញ្ចប់ជម្លោះរាប់ទសវត្សរ៍ ហើយសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។
ការថ្លែងបែបនេះ បានធ្វើឡើងនៅទីក្រុងញូវយ៉ក នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦នេះ ក្នុងសម័យប្រជុំប្រចាំឆ្នាំរបស់គណៈកម្មការកសាងសន្តិភាពដើម្បីអបអរសាទរខួបលើកទី ២០ នៃការពិនិត្យឡើងវិញនូវនិម្មាបនកម្មកសាងសន្តិភាពអង្គការសហប្រជាជាតិ (អ.ស.ប.)។
ឯកឧត្តមក៏បានបញ្ជាក់ពីសារៈសំខាន់នៃភាពជាដៃគូដ៏រឹងមាំរវាងរដ្ឋាភិបាល អ.ស.ប. ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងសហគមន៍មូលដ្ឋាន ដែលបានរួមចំណែកដល់សមិទ្ធផលដែលកម្ពុជាសម្រេចបានសព្វថ្ងៃ។ ទន្ទឹមនេះ ឯកឧត្តមបានសង្កត់ធ្ងន់ថា បញ្ហាប្រឈមក្នុងការកសាងសន្តិភាពកាន់តែមានភាពស្មុគស្មាញ រួមមាន ជម្លោះប្រដាប់អាវុធ ការប្រែប្រួលអាកាសធាតុ វិបត្តិសេដ្ឋកិច្ច និងការកើនឡើងនៃបច្ចេកវិទ្យា ដែលទាមទារឱ្យមានភាពជាដៃគូប្រកបដោយបរិយាបន្ន ស្របគ្នាជាមួយនឹងអាទិភាពជាតិ៕ ផ្សាយ៖ កន ចំណាន, ប្រភព៖ តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអ.ស.ប.






