គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់បាក់រលំផ្ទះ ចំនួន ៧៣គ្រួសារ រស់នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែងទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្ត
ខេត្តព្រៃវែង: លោក សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាកាក បាទក្រហមកម្ពុជា ខេត្តព្រៃវែងនៅព្រឹកថ្ងៃទី២ ខែមិថុនាឆ្នាំ២០២៦នេះបានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះ សំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ជូនដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់បាក់រលំផ្ទះចំនួន ៧៣ គ្រួសារ រស់នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ឆ្លៀតក្នុងឱកាសនោះ លោកបាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែគិតគូរអំពីទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែងផងដែរ។
អំណោយផ្ដល់ជូនក្នុងមួយគ្រួសារ រួមមាន÷
-សម្រាប់គ្រួសាររងគ្រោះធ្ងន់ធ្ងរចំនួន ១៤គ្រួសារទទួលបាន÷ អង្ករ ២៥គ.ក្រ, តង់ ១, មី ១កេស, ត្រីខ ១យួរ, ឃីត ១កញ្ចប់(មុង ភួយ សារុង ក្រមា) និងថវិកាចំនួន ២០០.០០០៛
-សម្រាប់គ្រួសាររងគ្រោះមធ្យមចំនួន ៥៧គ្រួសារទទួលបាន÷ អង្ករ ២៥គ.ក្រ, មី ១កេស, ត្រីខ ១យួរ, ឃីត ១កញ្ចប់(មុង ភួយ សារុង ក្រមា) និងថវិកាចំនួន ១០០.០០០៛
-អ្នករងរបួសស្រាល ចំនួន ២នាក់ ក្នុងម្នាក់ទទួលបានថវិកា ២០០.០០០៛
សូមបញ្ជាក់ផងដែរថា:ពិធីនេះក៏មាន ការអញ្ជើញចូលរួមពីសំណាក់៖ គណៈកម្មាធិការសាខាខេត្ត ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត សមាជិក សមាជិកាសាខា អនុសាខាខេត្ត អនុសាខាមន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមប្រតិបត្តិសាខា អនុសាខាស្រុក ឃុំ ភូមិ ទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា មន្រ្តីពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន ៧៣គ្រួសារផងដែរ៕









