នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ លោក លីម សុភា អភិបាល នៃគណៈអភិបាលខណ្ឌជ្រោយចង្វារ បានដឹកនាំក្រុមការងារចុះទៅពិនិត្យ និងដោះស្រាយសំណើសុំស្វែងរកចំណុចព្រំដីឡើងវិញ លើក្បាលដីលេខ
១២១១០៥០២-០៤៩៧ ស្ថិតនៅភូមិព្រែកតាគង់ បន្ទាប់ពីកាលពីប៉ុន្មានថ្ងៃមុន ប្រជាពលរដ្ឋពាក់ព័ន្ធបានដាក់សំណើ និងស្នើសុំឱ្យរដ្ឋបាលខណ្ឌជួយអន្តរាគមន៍ដោះស្រាយបញ្ហាព្រំដីខាងលើ។ក្នុងឱកាសចុះពិនិត្យផ្ទាល់ដល់ទីតាំង លោកអភិបាលខណ្ឌ បានស្តាប់មតិយោបល់ និងកង្វល់របស់ប្រជាពលរដ្ឋគ្រប់ភាគី ព្រមទាំងណែនាំឱ្យមន្ត្រីជំនាញ និងភាគីពាក់ព័ន្ធពិនិត្យឯកសារ និងទីតាំងជាក់ស្តែង ដើម្បីស្វែងរកដំណោះស្រាយឱ្យបានត្រឹមត្រូវ តម្លាភាព និងស្របតាមនីតិវិធីច្បាប់។
ការចុះពិនិត្យ និងដោះស្រាយដោយផ្ទាល់របស់លោកអភិបាលខណ្ឌនាពេលនេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងសំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋានខណ្ឌជ្រោយចង្វារ ព្រមទាំងការខិតខំដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ប្រកបដោយទំនួលខុសត្រូវ យុត្តិធម៌ និងប្រសិទ្ធភាព។








