ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះចេញផ្សាយ ថ្ងៃទី
(ក្រចេះ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ អញ្ជើញជាអធិបតីពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ( បណ្ណកម្មសិទ្ធិ ) ជូនប្រជាពលរដ្ឋដែលមានក្បាលដី ចំនួន ៣,៨២០ ក្បាលដី ស្មើនឹង ២,៣៤០ គ្រួសារ ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ។
ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ នាបរិវេណវត្តមុនីសាគរ ហៅវត្តដងក្តោង ស្ថិតនៅភូមិដងក្តោង ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ។
លោក អ៊ូ សុបុណ្ណាកា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តក្រចេះ បានជម្រាបជូនថា ក្រោមកិច្ចសហប្រតិបត្តិការបច្ចេកទេសរបស់ក្រុមការងារគ្រប់គ្រងតំបន់វិនិច្ឆ័យ ជាមួយ អាជ្ញាធរស្រុក ឃុំ ភូមិ និងមានការចូលរួមយ៉ាងសកម្មរបស់ប្រជាពលរដ្ឋជាម្ចាស់ក្បាលដី មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តក្រចេះ បានបន្តចេញនូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូន ប្រជាពលរដ្ឋជាម្ចាស់ក្បាលដីចំនួន ០៥ភូមិ គឺភូមិពង្រ១ ភូមិពង្រ២ ភូមិពង្រ៣ ភូមិដងក្តោង និងភូមិត្នោត ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ សរុបចំនួន ៣,៨២០ ក្បាលដី ស្មើនឹង ២,៣៤០ គ្រួសារ ។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា ការវាស់វែងនិងផ្តល់បណ្ណសម្គាល់ម្ចាស់អចលនវត្ថុនេះជាការគិតគូររបស់រាជរដ្ឋាភិបាលក្នុងការផ្តល់សុវត្ថិភាពទាំងផ្លូវចិត្តនិងផ្លូវច្បាប់ជូនប្រជាពលរដ្ឋលើការកាន់កាប់ដីធ្លី និងការលុបបំបាត់ទំនាស់ដីធ្លីនៅកម្ពុជា ។ បណ្ណកម្មសិទ្ធិនេះបានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋមានសុវត្ថិភាពទាំងផ្លូវចិត្ត និងសុវត្ថិភាពផ្លូវច្បាប់ ក្នុងការកាន់កាប់និងគ្រប់គ្រងដីធ្លី កាត់បន្ថយនិងលុបបំបាត់ទំនាស់ដីធ្លីនៅកម្ពុជា ពិសេសលុបបំបាត់ទំនាស់ព្រំដី ធ្វើឱ្យការគ្រប់គ្រងដីមានភាពច្បាស់លាស់ បញ្ចប់ទំនាស់ និងអនុញ្ញាតឱ្យមានការកសាងផែនការអភិវឌ្ឍន៍មានភូមិឃុំស្រុកក្រុងខេត្តមានភាពងាយស្រួល។ ឯកឧត្តម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានថ្លែងថា បងប្អូនប្រជាពលរដ្ឋពិតជាសប្បាយរីករាយដែល បានទទួលបណ្ណកម្មសិទ្ធិលើដីធ្លីរបស់ខ្លួនកាន់កាប់និងប្រើប្រាស់។
ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធគឺជាការចុះបញ្ជីដីធ្លី ដែលកើតចេញពីគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាល ដោយបានធ្វើកំណែទម្រង់លើវិស័យដីធ្លីជូនពលរដ្ឋ និងបានដាក់ចេញនូវយុទ្ធនាការវាស់វែង ដីធ្លី ក្នុងគោលបំណងកាន់កាប់ដីធ្លីច្បាស់លាស់ មានសុវត្ថិភាព និងមានមូលដ្ឋានច្បាប់រឹងមាំ និងដើម្បីធានា ដល់ចរន្តការឯកសារ ការគ្រប់គ្រងបច្ចុប្បន្នភាពព័ត៌មានដីធ្លី និងការពារប្រយោជន៍របស់ប្រជាពលរដ្ឋ។
ឯកឧត្តមប្រធានក្រុមការងារ ក៏បានណែនាំឱ្យបងប្អូនប្រជាពលរដ្ឋដែលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នាឱកាសនេះ ត្រូវថែរក្សាឱ្យបានល្អ ប្រើប្រាស់ឱ្យមានប្រសិទ្ធភាព និងគោរពតាមច្បាប់ ដើម្បីធានាថាកម្មសិទ្ធិដីធ្លីមានសុវត្ថិភាព និងចីរភាព៕ ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា










