រដ្ឋបាលក្រុងព្រៃវែង បានប្រារព្ធ ខួបលើកទី ១១៥ ទិវាអន្តរជាតិនារី ៨ មីនា ២០២៦
ព្រៃវែង៖ នៅថ្ងៃទី ០៦ ខែមិនា ឆ្នាំ២០២៦ រដ្ឋបាលក្រុងព្រៃវែង បានប្រារព្ធ ខួបលើកទី ១១៥ ទិវាអន្តរជាតិនារី ៨ មីនា ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រៃវែង។ឯកឧត្តម ឡាំ ជា មានប្រសាសន៍ថា ទិវាអន្តរជាតិនារី ៨ មីនា គឺជាព្រឹត្តិការណ៍ជាសកលដែលរំលឹកអំពីការតស៊ូព្យាយាម ដើម្បីសិទ្ធិ សេរីភាព និងសមភាពរបស់ស្ត្រីនៅជុំវិញពិភពលោក។ សម្រាប់ឆ្នាំ ២០២៦ នេះ គឺជាការសង្កត់ធ្ងន់ថា សន្តិភាពមិនមែនមានន័យត្រឹមតែការគ្មានសង្គ្រាមនោះទេ ប៉ុន្តែវាគឺជាការរស់នៅដោយគ្មានការភ័យខ្លាច គ្មានអំពើហិង្សា និងមានស្ថេរភាពក្នុងជីវភាពរស់នៅ។
ឯកឧត្តម បន្ថែមថា ស្ត្រីគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ កាលណាស្ដ្រីទទួលបាននូវសន្តិសុខពេញលេញ ទាំងសន្តិសុខផ្លូវកាយ ផ្លូវចិត្ត និងសេដ្ឋកិច្ច នោះគ្រួសារនីមួយៗនឹងមានភាពកក់ក្តៅ ដែលជាគ្រឹះយ៉ាងរឹងមាំក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យមានភាពរុងរឿង និងប្រកបដោយចីរភាព។
ឯកឧត្តម បន្តថា សន្តិភាពគឺជាលក្ខខណ្ឌចាំបាច់ដែលអនុញ្ញាតឱ្យស្ត្រីអាចប្រើប្រាស់សិទ្ធិ និងសក្តានុពលរបស់ខ្លួនបានពេញលេញ ក្នុងការចូលរួមសម្រេចចិត្តទាំងក្នុងគ្រួសារ និងសង្គម និងការបង្កើនកិច្ចការពារស្ត្រីពីគ្រប់ទម្រង់នៃអំពើហិង្សា (ហិង្សាក្នុងគ្រួសារ ការបៀតបៀននៅកន្លែងការងារ) និងការធានាឱ្យមានបរិយាកាសរស់នៅដែលមានសុវត្ថិភាព៕










