ឯកឧត្តមបណ្ឌិត សៀន សុវណ្ណា អញ្ជើញប្រារព្ធមិទ្ទិញរំលឹកកខួបលើកទី៤៧ នៃទិវាជ័យជម្នះ៧មករា ១៩៧៩ -២០២៦
ព្រៃវែង៖ នៅព្រឹកថ្ងៃទី ៤ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត សៀន សុវណ្ណា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន សង្កាត់កំពង់លាវ ក្នុងពិធីមិទ្ទិញរំលឹកកខួបលើកទី៤៧ នៃទិវាជ័យជម្នះ៧មករា (០៧.០១.១៩៧៩ - ០៧.០១.២០២៦) ដែលធ្វើនៅមន្ទីរគណៈក្រុងព្រៃវែង ខេត្តព្រៃវែង។មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត សៀន សុវណ្ណា ការជួបជុំប្រារព្ធខួបអនុស្សាវរីយ៍នាពេលនេះ ក្នុងស្មារតីចងចាំជានិច្ចនូវគុណូប្បការៈដ៏ថ្លៃថ្លាបំផុត របស់វីរយុទ្ធជន យុទ្ធនារីដ៏អង់អាចក្លាហាន បុព្វការរីជនស្នេហាជាតិ នៃរណសិរ្សសាមគ្គីសង្គ្រោះជាតិ កម្ពុជា ដែលបានបូជាសាច់ស្រស់ ឈាមស្រស់រហូតពលីកម្មជីវិតក្នុងការប្រយុទ្ធ ដើម្បីបុព្វហេតុ រំដោះជាតិ និងប្រជាជនបានរួចផុតពីរគុកឥតជញ្ជាំង រណ្តៅមរណៈ និងមហាសោកនាដកម្មមិនអាចបំភ្លេច បានរហូតមកដល់បច្ចុប្បន្ននេះ ។
ឯកឧត្តមបណ្ឌិត មានប្រសាសន៍បន្តថា ទោះបីពេលវេលាកន្លងហួសទៅរយៈពេល៤៧ឆ្នាំក៏មែនពិត ក៏ប្រជាជនកម្ពុជានៅតែចងចាំជានិច្ច និងចាត់ទុកថាថ្ងៃជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩ គឺជាថ្ងៃកំណើតទី២របស់ខ្លួន ដូច្នេះបើគ្មាន ថ្ងៃជ័យជម្នះ ៧មករានោះទេ ក៏គ្មានថ្ងៃនេះដែរ ។
ឯកឧត្តមបណ្ឌិត បន្ថែមថា ខួបអនុស្សាវរីយ៍លើកទី៤៧ នាឱកាសដ៏វិសេសវិសាលនេះ មានគោលបំណងផ្សព្វផ្សាយ និងរំឭកឡើងវិញ នូវមហាជ័យជំម្នះទិវា៧មករា ឆ្នាំ១៩៧៩ ជាប្រវត្តិសាស្ត្រ ដែលបានបញ្ចប់ សករាជដ៏ខ្មៅងងឹត នៃវាលពិឃាតរបបប្រល័យពូជសាសន៍ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ និងបើកឡើង នូវសករាជថ្មី នៃព្រះរាជាណាចក្រកម្ពុជា គឺឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រិតនិងវឌ្ឍភាពសង្គម ដែលខ្មែរគ្រប់រូបត្រូវចងចាំតកូនតចៅ ជាពិសេសស្រទាប់យុវជនឱ្យ យល់កាន់តែច្បាស់អំពីអត្ថន័យដ៏ធំធេង នៃថ្ងៃជ័យជម្នះ ៧មករា ១៩៧៩ ចៀសវាងការបំភ្លៃ ប្រវត្តិសាស្ត្រទាញប្រទេសជាតិយើងឱ្យធ្លាក់ក្នុងគ្រោះមហន្តរាយជាថ្មីម្តងទៀត ពីសំណាក់ ក្រុមជនអគតិជ្រុលនិយមមួយចំនួនតូច និងបរទេស ។
ក្នុងឱកាសនោះដែ ឯកឧត្តមបណ្ឌិត ក៏បានធ្វើបទបង្ហាញ អំពីផែនការយុទ្ធសាស្ត្រចុះមូលដ្ឋានសង្កាត់កំពង់លាវ បង្កើតឡើងដោយ ផ្តោតលើគោលដៅសំខាន់ៗចំនួន ៨ដូចជា៖ ១-ការផ្តល់សេវាសុខភាពដល់ ប្រជាជនរស់នៅក្នុងសង្កាត់កំពង់លាវ។ ២-ការបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយ រងហានិភ័យរស់នៅក្នុងសង្កាត់កំពង់លាវ។ ៣-ការផ្សព្វផ្សាយកម្មវិធី នយោបាយគណបក្សប្រជាជនកម្ពុជាដល់ប្រជាជនរស់នៅក្នុងសង្កាត់កំពង់លាវ ដើម្បីឱ្យយល់ច្បាស់អំពីគោលនយោបាយគណបក្សប្រជាជន កម្ពុជា។ ៤-ការលើកកម្ពស់គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ដើម្បីធានាសន្តិសុខសុវត្ថិភាពជូនប្រជាជនកម្ពុជារស់នៅក្នុងសង្កាត់ កំពង់លាវ។ ៥-ការចិញ្ចឹមចលនារបស់គណបក្សប្រជាជនកម្ពុជានៅក្នុង សង្កាត់កំពង់លាវ ដើម្បីឱ្យសមាជិក សមាជិកាគណបក្សផ្សេងជឿជាក់ និង គាំទ្រគណបក្សប្រជាជនកម្ពុជា សំដៅបោះឆ្នោតជូនគណបក្សប្រជានជន កម្ពុជាជាអតិបរិមា ។៦-ការគ្រប់គ្រងអំពីស្ថានភាពសេដ្ឋកិច្ចប្រជាជនរស់នៅ ក្នុងសង្កាត់កំពង់លាវ ដូចជាប្រជាជនមានការងារធ្វើ និងប្រជាជនគ្មាន ការងារធ្វើ ដើម្បីសហការជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារសំដៅ ជួយរកការងារជូនប្រជាជនដែលគ្មានការងារធ្វើរស់នៅក្នុងសង្កាត់កំពង់លាវ ឱ្យមានជីវភាពធូរធារ។ ៧-ការជំរុញលើកទឹកចិត្តប្រជាជនរស់នៅក្នុងសង្កាត់ កំពង់លាវឱ្យគាំទ្រគណបក្សប្រជាជនកម្ពុជាជាអតិបរិមា និង៨- ប្រជាជន រស់នៅសង្កាត់កំពង់លាវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានូវគ្រប់ការ បោះឆ្នោត៕











