ឯកឧត្ដម សួន សុម៉ាលីន អញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារកងកម្លាំងសមរភូមិមុខ ដែលវិលត្រឡប់មកមូលដ្ឋានក្រុងព្រៃវែង ខេត្តព្រៃវែង
ព្រៃវែង៖ ព្រឹកថ្ងៃទី ៤ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានអញ្ជើញអមដំណើរ ឯកឧត្តម អ៊ូ វណ្ណា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជានាយករងខុទ្ទកាល័យប្រចាំការ តំណាង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រៃវែង អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី សសុខា ជូនគ្រួសារកងកម្លាំងសមរភូមិ ជួរមុខដែលបានវិលត្រឡប់មកមូលដ្ឋានវិញ ចំនួន ៥៨ គ្រួសារ នៅ ក្រុងព្រៃវែង ខេត្តព្រៃវែង។ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សួន សុម៉ាលីន បាននាំមកនូវប្រសាសន៍ ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងឯកឧត្តមអភិសន្តិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និង លោកជំទាវ កែ សួនសុភី សសុខា ដែលសម្តេច និងឯកឧត្តម តែងតែ គិតគូអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈដោយមិន ប្រកាន់ពូជសាសន៍ ឬបក្សពួកនិយមអ្វីឡើយ។
នៅក្នុងឱកាសនោះ ឯកឧត្ដម បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះពលិកម្មដ៏ខ្ពង់ខ្ពស់របស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ដើម្បីការពារបូរណភាពទឹកដី និងសេចក្តីសុខសាន្តរបស់ប្រជាជន។
ឯកឧត្ដម មានប្រសាសន៍ថា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ តែងតែយកចិត្តទុកដាក់លើសុខុមាលភាព និងជីវភាពរស់នៅរបស់គ្រួសារកងទ័ពដែលនៅជួរក្រោយ និងតែងតែផ្ដល់កម្លាំងចិត្តដល់ប្រជាពលរដ្ឋភៀសសឹក និងសន្យាមិនបោះបង់ចោលប្រជាពលរដ្ឋដែលជួបការលំបាកក្នុងកាលៈទេសណាមួយនោះទេ។
អំណោយ ដែលបានផ្តល់ជូនដល់ក្រុមគ្រួសារកងកម្លាំងសមរភូមិ ជួរមុខ ក្នុងមួយគ្រួសារទទួលបាន÷ អង្ករ ២៥គីឡូក្រាម, ត្រីខ ១យួរ, មី ១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអីវ ១យួរ, ទឹកបរិសុទ្ធ ១កេស និង ថវិកាចំនួន ៥០.០០០រៀលផងដែរ៕












