កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាមសហការរួមគ្នារៀបចំព្រឹត្តការណ៍ម្ហូបអាហារជំរុញទេសចរណ៍ និងការពិភាក្សាស៊ីជម្រៅលើការផ្តល់ភាពងាយស្រូលដល់ភ្ញៀវទេសចរ និងអ្នកធ្វើដំណើរជាតិ និងអន្តរជាតិលើគម្រោងផ្តួចផ្តើម "ប្រទេសបួន គោលដៅតែមួយ"ចេញផ្សាយ ថ្ងៃទី
នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមជាគណៈអធិបតីរួមជាមួយលោកជំទាវ Darany Phommavongsa អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងការប្រកាសបើកកម្មវិធីមហោស្រពអាហារកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) និងសិក្ខាសាលាថ្នាក់តំបន់ស្តីពី "ទេសចរណ៍ផ្លូវគោក និងការសម្រួលការធ្វើដំណើរឆ្លងកាត់ព្រំដែន ដោយមានការចូលរួមពីឯកឧត្តម Maung Maung Kyaw ប្រធានគណៈប្រតិភូនៃក្រសួងសណ្ឋាគារ និងទេសចរណ៍ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងលោកស្រី Tran Thi Phuong Nhung ប្រធានគណៈប្រតិភូនៃក្រសួងវប្បធម៌ កីឡា និងទេសចរណ៍នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តម-លោកជំទាវរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការអន្តរក្រសួងពាក់ព័ន្ធ ឯកឧត្តម ហួត ហៃ អភិបាលរង និងជាតំណាងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងសាលាខេត្តដែលពាក់ព័ន្ធ មន្រ្តីជំនាញ និងលោក-លោកស្រីពីវិស័យឯកជន ប្រមាណ ២៥០រូប។
ក្នុងឱកាសនោះ ឯកឧត្តម ហួត ហៃ បានថ្លែងអំពីការយកចិត្តទុកដាក់ខ្ពស់របស់សាលារាជធានីភ្នំពេញលើការស្តារ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធលូ ការផ្គត់ផ្គង់ទឹកស្អាត អគ្គិសនី ការបំភ្លឺតាមសាធារណៈ និងកត្តាសុខសន្តិភាពបន្ថែមទៀត ដើម្បីទាក់ទាញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកទស្សនារាជធានីភ្នំពេញ ជាង១១លាននាក់ ដែលក្នុងនោះភ្ញៀវទេសចរអន្តរជាតិមាន ជាង១,១លាននាក់ គិតត្រឹម ១១ខែ ឆ្នាំ២០២៥ នេះ។
បន្ថែមពីនេះទៀត លោកជំទាវអនុរដ្ឋមន្រ្តី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់មន្រ្តីជំនាញនៃប្រទេសទាំងអស់ដែលបានសហការរួមគ្នាសម្រេចបាននូវពិព័រណ៍ម្ហូបអាហារប្រពៃណីនៃប្រទេសជាសមាជិក និងសន្និសីទលើប្រធានបទដ៏ល្អ និងមានសារៈសំខាន់សម្រាប់ការពង្រឹង និងពង្រីកកិច្ចសហការជំរុញវិស័យទេសចរណ៍នៃប្រទេសទាំងបួនឱ្យកាន់តែសកម្ម ជាក់ស្តែង និងផ្តល់នូវប្រយោជន៍ដល់ប្រទេស និងប្រជាជនទាំងអស់គ្នា ក្រោមគំនិតផ្តួចផ្តើមរួមគ្នា "ប្រទេសបួន គោលដៅតែមួយ"។
ឆ្លៀតក្នងឱកាសដ៏មានសារៈសំខាន់ និងជាលក្ខណៈតំបន់ ឯកឧត្ដមរដ្ឋមន្រ្តី បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះវត្តមានរបស់គណៈប្រតិភូជាន់ខ្ពស់ទាំងអស់ ដែលអញ្ជើញមកចូលរួមនៅរាជធានីភ្នំពេញ ដែលអាចជាសាក្សីបញ្ជាក់ថាកម្ពុជា កំពុងមានសុខសន្តិភាព ស្ថិរភាពនយោយ សុខសុវត្ថិភាពដល់អ្នកទេសចរ និងអ្នកដំណើរទាំងអស់ ជាពិសេសការអភិវឌ្ឍលើគ្រប់វិស័យ និងកាលានុវត្តភាពវិនិយោគដ៏ទាក់ទាញសម្រាប់អ្នកទេសចរ និងធុរជនពីប្រទេសឡាវ មីយ៉ានម៉ា និងវៀតណាម មកទស្សនា និងស្វែងយល់ ព្រមទាំងជួបពិភាក្សាជាមួយដៃគូកម្ពុជាបង្កើតជាកញ្ចប់ទស្សនកិច្ច ឬអាជីវកម្មរួមគ្នា។ កត្តាអំណោយផល និងអនុគ្រោះនេះ គឺផ្តើមចេញពីការដឹកនាំប្រកបដោយគតិបណ្ឌិត និងចុក្ខវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាមត៌កបន្សល់ពីថ្នាក់ដឹកនាំជំនាន់មុន រួមមានសម្តេចអគ្គសេនាបតី តេជោ ហ៊ុន សែន ដែលបានបង្កើតនូវចំណងមិត្តភាពជាប្រពៃណីដ៏យូរអង្វែងរវាងប្រទេសទាំងអស់នាពេលនេះ។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ថាព្រឹត្តិការណ៍នាពេលនេះ ជាការប្តេជ្ញាចិត្តរួម ក្នុងការពង្រឹងការសម្រួលការធ្វើដំណើរ ការធ្វើឱ្យកាន់តែស៊ីជម្រៅនូវការតភ្ជាប់អនុតំបន់ និងការពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែងក្រោមចក្ខុវិស័យ "ប្រទេសទាំងបួន ទិសដៅតែមួយ"។
ជាចុងក្រោយឯកឧត្ដមរដ្ឋមន្ត្រី ក៏សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះឯកឧត្តមប្រធានគណៈប្រតិភូ CLMV រួមជាមួយនឹងប្រតិភូ CLMV ទាំងអស់ វាគ្មិនធនធាន តំណាងដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនចំពោះការរួមចំណែកដ៏មានតម្លៃចំពោះកិច្ចសហប្រតិបត្តិការទេសចរណ៍។












