ក្រោមការអនុវត្តប្រកាសថ្មីរបស់ក្រសួងព័ត៌មាន ស្តីពី «លក្ខខណ្ឌគុណវុឌ្ឍិ និងវិជ្ជាជីវៈសារព័ត៌មានសម្រាប់អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍» ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ការស្នើបើកអាជ្ញាបណ្ណព័ត៌មាន ជាពិសេស សារព័ត៌មានអនឡាញដែលសម្បូរបែបនៅក្នុងប្រទេសកម្ពុជា នឹងមិនងាយស្រួលដូចមុនទៀតឡើយ។
តាមប្រកាសថ្មីនេះ ស្ថាប័នព័ត៌មានត្រូវតែមានគុណវុឌ្ឍិ និងវិជ្ជាជីវៈសារព័ត៌មាន ច្បាស់លាស់ ដើម្បីធានាគុណភាពនិងសុវត្ថិភាពព័ត៌មានសម្រាប់សាធារណជន។
នៅក្នុងក្របខណ្ឌនេះ ការរបង្កើតអង្គភាពកាសែត ទស្សនាវដ្តី ព្រឹត្តិបត្រ បោះពុម្ពផ្សាយ និងគេហទំព័រ ត្រូវតែមាន រចនាសម្ព័ន្ធមួយត្រឹមត្រូវ ដោយក្នុងនោះ ត្រូវមាន ចាងហ្វាងការផ្សាយ ឬបណ្ណាធិការ ឬម្ចាស់អង្គភាព, និពន្ធនាយក, ផ្នែកសារព័ត៌មាន, ផ្នែករដ្ឋបាល, ផ្នែកហិរញ្ញវត្ថុ និងផ្នែកទីផ្សារជាដើម។
ចំណែកថ្នាក់ដឹកនាំស្ថាប័នព័ត៌មាន ក៏ត្រូវកំណត់លក្ខខណ្ឌខ្ពស់ជាងមុនដែរ ជាពិសេសសម្រាប់តួនាទីចាងហ្វាង និងនិពន្ធនាយក។
យោងតាមប្រកាស សម្រាប់ ចាងហ្វាងការផ្សាយ/នាយកការផ្សាយ និងនិពន្ធនាយក យ៉ាងហោចណាស់ក៏ត្រូវមានអាយុចាប់ពី២៥ឆ្នាំឡើងដែរ ត្រូវមានសញ្ញាបត្របរិញ្ញាបត្រ ឬសញ្ញាបត្រសមមូលឡើងទៅ, វិញ្ញាបនបត្របញ្ជាក់ការសិក្សាវិជ្ជាជីវៈសារព័ត៌មាន និងសោតទស្សន៍ពីក្រសួង ព័ត៌មានឬស្ថាប័ន ដែលមានការទទួលស្គាល់ពីក្រសួងព័ត៌មាន និង/ឬត្រូវឆ្លងកាត់ការវាយតម្លៃកម្រិតចំណេះដឹងពីក្រសួងព័ត៌មាន។ ករណីនិពន្ធនាយក ត្រូវមានត្រូវមាន «បរិញ្ញាបត្រសារព័ត៌មាន» មានបទពិសោធបម្រើការងារខាងនិពន្ធ និងយកព័ត៌មានយ៉ាងតិច៣ឆ្នាំ។
ក្រៅពីនោះ តំណែងសំខាន់ទាំងពីរ ត្រូវមានលិខិតថ្កោលទោស លិខិតបញ្ជាក់ទីកន្លែងរស់នៅនិងកិរិយាមារយាទ លិខិតបញ្ជាក់សុខភាព និងមិនធ្លាប់មានការតវ៉ាជាអាទិ៍លើអត្ថបទ ឬវីដេអូ ឬរូបភាព ឬវប្បធម៌ ឬក្បួនខ្នាត អក្សរសាស្ត្រនិងភាសាជាតិខ្មែរ ដែលរំលោភទៅលើក្រមសីលធម៌វិជ្ជាជីវៈជាដើម។
សម្រាប់អ្នកសារព័ត៌មាន ពិធីករពិធីការិនី ក៏មានលក្ខខណ្ឌតម្រូវដូចជា យ៉ាងហោចណាស់ក៏ត្រូវតែរៀនជាប់បាក់ឌុបដែរ។ ដើម្បីបំពេញតួនាទីនេះបាន ពួកគេត្រូវមានថែមទៀតនូវវិញ្ញាបនបត្របញ្ជាក់ការសិក្សាវិជ្ជាជីវៈសារព័ត៌មាន និងសោតទស្សន៍ពីក្រសួងព័ត៌មាន ឬស្ថាប័នដែលមានការទទួលស្គាល់ដោយក្រសួងព័ត៌មាន និង/ឬត្រូវឆ្លងកាត់ការវាយតម្លៃកម្រិតចំណេះដឹងពីក្រសួងព័ត៌មាន ធ្លាប់បម្រើការងារជាអ្នកយកព័ត៌មានយ៉ាងតិច១ឆ្នាំ។
ដោយឡែកសម្រាប់ អ្នកសារព័ត៌មានគ្មានអង្គភាព អ្នកផលិតមាតិកា អ្នកមានប្រជាប្រិយភាពវិញនោះ ត្រូវតែកំណត់អាយុចាប់ពី២០ឆ្នាំឡើងទៅ, មានសញ្ញាបត្របរិញ្ញាបត្រ និងសញ្ញាបត្រដែលមានតម្លៃសមមូល, មានវិញ្ញាបនបត្របញ្ជាក់ការសិក្សាវិជ្ជាជីវៈសារព័ត៌មាន និងសោតទស្សន៍ពីក្រសួងព័ត៌មាន ឬស្ថាប័នដែលមានការទទួលស្គាល់ដោយក្រសួងព័ត៌មាន, ធ្លាប់បម្រើការងារជាអ្នកយកព័ត៌មានយ៉ាងតិច១ឆ្នាំ, ធ្លាប់បានសរសេរអត្ថបទព័ត៌មានឱ្យអង្គភាពសារព័ត៌មានយ៉ាងតិចចំនួន៣ឆ្នាំ។ ទាំងអ្នកព័ត៌មាន ពិធីករ និងអ្នកផលិតមាតិកា ត្រូវតែមានលិខិតបញ្ជាក់ទីកន្លែងរស់នៅ និងកិរិយាមារយាទពីឃុំ-សង្កាត់, លិខិតបញ្ជាក់សុខភាពផ្លូវការ និងមិនធ្លាប់មានការតវ៉ាជាអាទិ៍លើអត្ថបទ ឬវីដេអូ ឬរូបភាព ឬវប្បធម៌ ឬក្បួនខ្នាត អក្សរសាស្ត្រ និងភាសាជាតិខ្មែរដែលរំលោភទៅលើក្រមសីលធម៌វិជ្ជាជីវៈឡើយ។
ការពង្រឹងវិធានការតឹងរឹងសម្រាប់វិស័យសារព័ត៌មាន មានសារៈសំខាន់ណាស់ សម្រាប់យុគ្គសម័យឌីជីថលនាពេលបច្ចុប្បន្ន ដើម្បីធានាថា ព័ត៌មានដែលបង្ហោះមានគុណភាព ត្រឹមត្រូវ ស្របតាមវិជ្ជាជីវៈ និងអាចជឿទុកចិត្តបាន។ វិធានការនេះ ក៏ទប់ស្កាត់នូវការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងការទទួលខុសត្រូវរបស់អ្នកសារព័ត៌មានចំពោះសង្គមផងដែរ។
កន្លងទៅ អ្នកសារព័ត៌មាន និងអ្នកផលិតមាតិការមួយចំនួន បានប្រព្រឹត្តខុសនឹងច្បាប់ស្តីពីរបបសារព័ត៌មាន និងក្រមសីលធម៌និងវិជ្ជាជីវៈជាបន្តបន្ទាប់ យ៉ាងអនាធិបតេយ្យ ដែលជាញឹកញយ គេឃើញដូចជា ការបង្ហោះព័ត៌មានមិនបានផ្ទៀងផ្ទាត់ ផ្សព្វផ្សាយរឿងឯកជនភាព, ការផ្សាយបំពានជនរងគ្រោះឬកុមារ ការបង្កើតចំណងជើងបំភាន់, ការជេរប្រមាថជាសាធារណៈ, ការជម្រិតទារប្រាក់, ការសម្ភាសមនុស្សស្រវឹងជោគ ឬបាត់បង់ស្មារតីជាដើម។
សារព័ត៌មានអនឡាញខ្លះ មិនមានរចនាសម្ព័ន្ធទេ ខ្លះមានតែម្នាក់ឬ២នាក់ ជាមួយនឹងទូរស័ព្ទទំនើបមួយគ្រឿង ក៏អាចធ្វើសារព័ត៌មានបានដែរ។ ទង្វើឆ្គាំឆ្គងមួយចំនួនរបស់អ្នកសារព័ត៌មានទាំងនោះ បានធ្វើឱ្យប៉ះពាល់ជាខ្លាំងដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់សារព័ត៌មានកម្ពុជាទាំងមូល។ សារព័ត៌មានដែលប្រព្រឹត្តិកំហុសធ្ងន់ធ្ងរខ្លះ ក៏ត្រូវបានក្រសួងដកហូតអាជ្ញាបណ្ណ ហើយមួយចំនួនទៀត ក៏ទទួលរងនូវការព្រមាន និងអប់រំផងដែរ។
យ៉ាងណាក៏ដោយ សម្រាប់ខ្ញុំ ការពង្រឹងវិធានការសម្រាប់វិស័យព័ត៌មាន គឺជារបត់ដ៏សំខាន់មួយ ដែលនឹងនាំឱ្យមានការអភិវឌ្ឍ និងការផ្លាស់ប្តូរជាវិជ្ជមានសម្រាប់ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា នាពេលអនាគត ជាមួយនឹងស្តង់ដារវិជ្ជាជីវៈច្បាស់លាស់ ដើម្បីធានាថា ព័ត៌មានដែលបញ្ជូនទៅសាធារណជនភាពត្រឹមត្រូវ និងគុណភាព ដែលអាចជួយលើកកម្ពស់ការជឿទុកចិត្តពីសាធារណជន។ ការកែលម្អស្តង់ដារនេះ នឹងធ្វើឱ្យសារព័ត៌មានយើងទទួលបានភាពថ្លៃថ្នូរ និងអាចប្រកួតប្រជែងបាននៅក្នុងតំបន់ និងពិភពលោក ហើយការពង្រឹងវិធានការនេះ ក៏មិនអាចនិយាយបានថា ជាការរឹតត្បិតដល់សេរីភាពសារព័ត៌មាននោះឡើយ៕









