កម្ពុជា និងសភាពាណិជ្ជកម្មប៊ុលហ្គារី ប្តេជ្ញាចាប់ដៃសហការលើកិច្ចការពាក់ព័ន្ធនានាជាពិសេសលើការងារវិនិយោគ ឱ្យបានកាន់តែប្រសើរឡើងនាពេលអនាគតចេញផ្សាយ ថ្ងៃទី
MoINFO APP
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកបណ្ឌិត Maxim Behar ប្រធានទី១ នៃសភាពាណិជ្ជកម្មប៊ុលហ្គារី បង្ហាញនូវសង្ឃឹមថាភាគីទាំងពីរ កម្ពុជា-ប៊ុលហ្គារី នឹងមានការចាប់ដៃសហការលើកិច្ចការពាក់ព័ន្ធនានាជាពិសេសលើការងារវិនិយោគ ឱ្យបានកាន់តែប្រសើរឡើងនាពេលអនាគត។
នេះបើយោងតាមប្រភពព័ត៌មានពីមន្ត្រីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រោយជំនួបសម្តែងការគួរសម និងពិភាក្សាការងារតវាងថ្នាក់ដឹកនាំទាំងពីរ នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥នេះ។
ប្រភពដដែល បានបញ្ជាក់ថាជំនួបនាឱកាសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សាស្វែងយល់បន្ថែមអំពីបច្ចុប្បន្នភាពនៃបរិយាកាសធុរកិច្ច ពាណិជ្ជកម្ម ក៏ដូចជាស្ថានភាពនៃការវិនិយោគនៅកម្ពុជា សំដៅជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ប៊ុលហ្គារី ឱ្យកាន់តែមានភាពប្រសើរឡើង។
តាមរយៈជំនួបនេះ លោកបណ្ឌិត Maxim Behar បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលផ្តល់ការអនុញ្ញាតឱ្យរូបលោកបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាព្រឹកនេះ។
ភ្ជាប់ជាមួយគ្នានោះ លោកក៏បានធ្វើការកត់សម្គាល់លើការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការវិនិយោគដោយផ្ទាល់ពីបរទេស ហើយលោកនឹងពាំនាំអំពីចំនុចវិជ្ជមាន និងសក្តានុពលនានារបស់កម្ពុជាដែលលោកបានស្វែងយល់ក្នុងទស្សនកិច្ចនេះទៅជម្រាប ឯកឧត្តមនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប៊ុលហ្គារី នៅពេលដែលលោកធ្វើមាតុភូមិនិវត្តន៍។
ឆ្លៀតនាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកបណ្ឌិត ដែលមានចំណាប់អារម្មណ៍ក្នុងការស្វែងយល់បន្ថែមពីបរិយាកាសធុរកិច្ច ពាណិជ្ជកម្ម ក៏ដូចជាស្ថានភាពនៃការវិនិយោគនៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបអំពីក្របខណ្ឌគោលនយោបាយនានារបស់កម្ពុជា លើការជំរុញការវិនិយោគដោយផ្ទាល់ពីបរទេស ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការវិនិយោគពីវិស័យឯកជន ដែលសុទ្ធសឹងជាការងារស្នូលរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕ ដោយ៖ កន ចំណាន









