ឯកឧត្ដម សួន សុម៉ាលីន ដឹកនាំយុទ្ធនាការសម្អាតអនាម័យបរិស្ថាន ដើម្បីកសាងខេត្តព្រៃវែងស្អាត បៃតង និងចីរភាព
ព្រៃវែង៖ ក្រោមការដឹកនាំផ្ទាល់របស់ ឯកឧត្ដម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង យុទ្ធនាការសម្អាតអនាម័យបរិស្ថាននៅតាមបណ្តាក្រុងស្រុកក្នុងខេត្តព្រៃវែង រួមទាំង ស្រុកស្វាយអន្ទរ ផង បានប្រព្រឹត្តទៅយ៉ាងសស្រាក់សស្រាំ និងទទួលបានការចូលរួមយ៉ាងផុសផុលពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនរូប។ឯកឧត្ដម អភិបាលខេត្ត មានប្រសាសន៍បន្តថា យុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណងចម្បង ដើម្បីបង្កើនការយល់ដឹង និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យចូលរួមយ៉ាងសកម្មក្នុងការថែរក្សាអនាម័យបរិស្ថាន សោភ័ណភាពទីសាធារណៈ និងការវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ ទាំងនៅតាមគេហដ្ឋាន និងសហគមន៍។
ឯកឧត្ដម អភិបាលខេត្ត បានគូសបញ្ជាក់ថា ការងារបរិស្ថានស្អាតមិនមែនជាការទទួលខុសត្រូវរបស់បុគ្គល ឬស្ថាប័នណាមួយឡើយ ប៉ុន្តែជា ការទទួលខុសត្រូវរួមរបស់យើងទាំងអស់គ្នា ដើម្បីធានាបាននូវសុខភាពល្អ និងបរិស្ថានស្អាត ស្របតាមពាក្យស្លោក “កម្ពុជាស្អាត ខ្មែរធ្វើបាន”។
ឯកឧត្ដម អភិបាលខេត្ត បានលើកឡើងពីបញ្ហាប្រឈមធ្ងន់ធ្ងរនៃសំរាម និងសំណល់ប្លាស្ទិក ដែលមិនត្រឹមតែប៉ះពាល់ដល់សោភ័ណភាពទីក្រុងប៉ុណ្ណោះទេ ថែមទាំងបង្កផលប៉ះពាល់ដល់បរិស្ថាន ប្រព័ន្ធអេកូឡូស៊ី សុខភាពសាធារណៈ និងសេដ្ឋកិច្ចជាតិទៀតផង។
ឯកឧត្ដម អភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឈប់បោះសំរាមចោលតាមដងផ្លូវ និងចូលរួមសាមគ្គីគ្នាសម្អាត និងថែរក្សាបរិស្ថានទាំងអស់គ្នា ដើម្បីប្រែក្លាយខេត្តព្រៃវែង ជាពិសេសស្រុកស្វាយអន្ទរ ឱ្យក្លាយជាតំបន់ដែលមានសោភណភាពស្អាត ពោរពេញទៅដោយពណ៌បៃតង និងគ្មានសំរាមនៅតាមទីសាធារណៈ។
គួររំលឹកថា យុទ្ធនាការសម្អាតអនាម័យបរិស្ថាននេះ ត្រូវបានរដ្ឋបាលខេត្តកំណត់ឱ្យអនុវត្ត ជារៀងរាល់ថ្ងៃព្រហស្បតិ៍ នៅតាមទីសាធារណៈ និងស្ថាប័នរៀងៗខ្លួន នៅទូទាំង ១៣ ក្រុង-ស្រុក នៃខេត្តព្រៃវែង ដើម្បីធ្វើយ៉ាងណាឱ្យខេត្តព្រៃវែងក្លាយជាខេត្តដែលមិនមានសំរាម ជាខេត្តមានអនាម័យល្អស្អាត គួរជាទីចាប់អារម្មណ៍នៃភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ៕







