(ព្រៃវែង) : នៅព្រឹកថ្ងៃអាទិត្យ ៩កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង រួមជាមួយថ្នាក់ដឹកនាំខេត្ត បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព អនុសេនីយ៍ត្រី មឿន សាម៉េត ជាយោធិននៃកងពលធំអន្តរាគមន៍លេខ២ កងទ័ពជើងគោក ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ ដោយរោគាពាធ ក្នុងពេលបំពេញបេសកកម្មការពារបូរណភាពទឹកដី នៅតាមបណ្ដោយព្រំដែន ដែលពិធីបុណ្យប្រារព្ធធ្វើនៅវត្តកស្សបៈ ភូមិដងទង់ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បាននាំយក សម្ភារ គ្រឿងឧបភោគបរិភោគ និងថវិការបស់រដ្ឋបាលខេត្ត ចំនួន ១២លាន ៧ម៉ឺនរៀល និងថវិកា កាកបាទក្រហមកម្ពុជា ចំនួន ២០លានរៀល ដើម្បីប្រគល់ជូនដល់ក្រុមគ្រួសារនៃសពរៀបចំពិធីបុណ្យតាមប្រពៃណី។
ក្នុងបរិយាកាសដ៏សែនរន្ធត់ក្រៀមក្រំសោកសៅនោះ យេីងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ជួយដឹកនាំដួងវិញ្ញាណក្ខន្ធ អនុសេនីយ៍ត្រី មឿន សាម៉េត សូមឱ្យឆាប់បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។