រដ្ឋមន្ត្រីការពារជាតិ៖ ច្បាប់កាតព្វកិច្ចយោធា នៅឆ្នាំ២០២៦ នឹងជួយឱ្យការរើសកងទ័ព កាន់តែមានភាពគុណភាពចេញផ្សាយ ថ្ងៃទី
ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជឿជាក់ថា ច្បាប់កាតព្វកិច្ចយោធា ដែលអាចនឹងអនុវត្តចាប់ពីឆ្នាំ២០២៦តទៅនេះ នឹងជួយឱ្យការជ្រើសរើសកងទ័ព កាន់តែមានគុណភាព តាមរយៈការជួយហ្វឹកហ្វឺនបំពាក់បំប៉នវិន័យយោធា កាន់តែច្បាស់លាស់ ជូនពលរដ្ឋ ដែលមានបំណងចូលបម្រើជាតិ ។
ថ្លែងក្នុងឱកាសអញ្ជើញចូលរួម អបអរសាទរ ពិធីទទួលដំណើរមាតុភូមិនិវត្តន៍ កងអនុសេនាធំវិស្វកម្មពហុជំនាញលេខ៤៦៨ ដែលបានបញ្ចប់បេសកកម្មរក្សាសន្តិភាព អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងថា ក្នុងពេលមិនទាន់មានបញ្ហាព្រំដែន ជាមួយថៃ ពលរដ្ឋខ្មែរជាច្រើន អាចបង្វែរការគិត ក្នុងការការស្វែងរកមុខរបរកិច្ចការផ្សេងៗគ្នា ជារឿងមួយ ដែលប្រជាពលរដ្ឋរស់នៅក្នុងសុខសន្តិភាព កំពុងធ្វើ ។
តែយ៉ាងណាក្តី ក្រោយពីមានជម្លោះព្រំដែន ជាមួយប្រទេសជិតខាង ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ កត់សម្គាល់ថា ក្របខ័ណ្ឌយោធា ហាក់មានការចាប់អារម្មណ៍ច្រើន ពោល មានប្រជាពលរដ្ឋជាច្រើន បង្ហាញចំណាប់អារម្មណ៍ច្រើនជាងគេ គឺចង់ចូលទាហានតែម្តង ។
សំឡេង "ឥឡូវមន្ត្រីរាជការស៊ីវិល ប្រជាពលរដ្ឋ ទាំងចាស់ទាំងក្មេង គឺសុំចូលកងទ័ព បម្រើកងទ័ពដើម្បីទៅជួរមុខ ចូលរួមស្នេហាការពារជាតិដូចគ្នា ចឹងហើយក្រសួងការពារជាតិ ក៏កំពុងតែពិនិត្យលទ្ធភាព ក្នុងការរៀបចំលទ្ធភាព កាតព្វកិច្ចយោធា នៅឆ្នាំ២០២៦ ដែលសម្តេចមហាបវរធិបតី បានប្រកាសកាលពីម្សិលមិញ យើងកំពុងធ្វើវិសោធនកម្មច្បាប់មួយចំនួន ដើម្បីរៀបចំនូវកិច្ចការងារនេះ ហើយខ្ញុំជឿជាក់ថា ឥឡូវនេះមិនលំបាកទេ ក្នុងការរើសទ័ព តែរើសទ័ពឱ្យមានគុណភាព គឺច្បាស់ណាស់កាតព្វកិច្ចយោធា នឹងអាចជួយនូវការហ្វឹកហ្វឺនបំពាក់បំប៉ន នូវវិន័យយោធារបស់យើងឱ្យកាន់តែច្បាស់លាស់ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលមានបំណងចូលបម្រើជាតិ នេះខ្ញុំគិតថា ជាចំណុចមួយដ៏ល្អ ហើយគាំទ្រ នូវប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានលើកឡើងម្សិលមិញនេះ" ។
សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យគោលការណ៍ ធ្វើវិសោធនកម្មច្បាប់កាតព្វកិច្ចយោធាឆ្នាំ២០០៦ ដើម្បីឈានទៅដល់ការអនុវត្តនៅឆ្នាំ២០២៦ ដែលតម្រូវឱ្យចូលហ្វឹកហ្វឺន ពី១៨ខែ(ក្នុងច្បាប់ឆ្នាំ២០០៦) កែប្រែទៅ២៤ខែ ។
បន្ថែមលើនេះ សម្តេចធិបតី បានគូសបញ្ជាក់ថា ការអនុវត្តកាតព្វកិច្ចយោធានឹងជួយបង្កើនបរិមាណសាច់ទ័ព និងបង្កើនប្រសិទ្ធភាពក្នុងការបំពេញសាច់ទ័ព ។
សូមបញ្ជាក់ថា យោងតាមច្បាប់ស្តីពីកាតព្វកិច្ចយោធា ឆ្នាំ២០០៦ ក្នុងជំពូកទី១ មាត្រាទី២ បានបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរគ្រប់រូបទាំងពីរភេទ ដែលមានអាយុពី១៨ ដល់៣០ឆ្នាំ ត្រូវបំពេញកាតព្វកិច្ចយោធា តាមការកំណត់នៃច្បាប់ និងការបំពេញកាតព្វកិច្ចយោធា របស់ប្រជាពលរដ្ឋខ្មែរជាស្ត្រីភេទគ្រប់រូប ត្រូវផ្អែកតាមការស្ម័គ្រចិត្ត ក្នុងនោះបំពេញកាតព្វកិច្ចយោធា មានរយៈពេល១៨ខែ គិតចាប់ពីថ្ងៃចូលបំពេញកាតព្វកិច្ច៕ ដោយ៖ រ៉ាត់ សុវណ្ណ