អភិបាលខេត្តតាកែវ រម្លឹកពីគម្រូវីរៈភាពរបស់បងប្អូនអតីតយុទ្ធជនដែលនាំឱ្យប្រទេសមានសន្តិភាព និងការអភិវឌ្ឍន៍
MoINFO APP
តាកែវ៖ ថ្លែងនៅក្នុងឱកាសអញ្ជើញចូលរួមទិវាអតីតយុទ្ធជនកម្ពុជា ខួបលើកទី១៨ នៅថ្ងៃច័ន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥ អភិបាលខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង បានមានប្រសាសន៍ថា នៅពេលប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍន៍លើគ្រប់វិស័យ យើងទាំងអស់គ្នាតែងតែរំលឹកដល់គុណវីរភាពរបស់បងប្អូនអតីតយុទ្ធជន យុទ្ធនារីទាំងអស់ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ប្រឈមមុខនឹងគ្រោះថ្នាក់គ្រប់កាលៈទេសៈ ដើម្បីសង្គ្រោះប្រទេសជាតិ អោយមានការអភិវឌ្ឍន៍ជាតិមានសន្តិភាព ដូចសព្វថ្ងៃនេះ។
ឯកឧត្តមអភិបាលខេត្តតាកែវ បានមាប្រសាសន៍បន្តថា ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា គឺជាទិវាប្រវត្តិសាស្ត្រប្រកបដោយមោទនភាពចំពោះបងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីរំលឹកដល់គំរូវីរភាពដ៏មោះមុត និងគុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន វីរយុទ្ធនារី នៃកងកម្លាំងប្រដាប់អាវុធ ដែលបានធ្វើពលិកម្ម បូជាសាច់ស្រស់ ឈាមស្រស់ ក្នុងសមរភូមិ ដើម្បីរំដោះជាតិមាតុភូមិពីរបបប្រល័យពូជសាសន៍ប៉ុល ពត ប្រកបដោយស្មារតីស្នេហាជាតិ នៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រជាពិសេសបានរួមចំណែកយ៉ាងសំខាន់ ក្នុងកិច្ចការពារបូរណភាពទឹកដី ការកសាងសុខសន្តិភាព និងស្ថិរភាពសង្គម ដើម្បីប្រទេសជាតិរបស់យើង សំដៅធានាការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដើម្បីជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិឱ្យរស់ឡើងវិញ និង រីកចម្រើនរហូតមកដល់បច្ចុប្បន្ន។
ឯកឧត្តម អភិបាលខេត្តតាកែវ វ៉ី សំណាង បានមានប្រសាសន៍បន្តថា ដើម្បីតបស្នងសងគុណដល់បងប្អូនអតីតៈយុទ្ធជន រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់ជីវភាពអតីតយុទ្ធជនដែលជានិវត្តជន ជនបាត់បង់សមត្ថភាពការងារ និងជនមានពិការភាពតាមរយៈចំណុចអាទិភាពសំខាន់ៗមួយចំនួន គឺសំដៅដល់ ការគិតគូរចំពោះអតីតយុទ្ធជន ដែលមានគុណបំណាច់ចំពោះជាតិមាតុភូមិ ក្នុងនោះរួមមានការកសាងតំបន់ ប្រវត្តិសាស្ត្រយោធា វិមានរំលឹកគុណ និង ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ នៅតាមទីតាំងប្រវត្តិសាស្ត្រ ជាដើម ដើម្បីជានិមិត្តរូបវត្ថុតាង និងសមិទ្ធផលនានា សម្រាប់ជាថ្នាលបណ្តុះមនសិការ “កតញ្ញូ សុខដុម និងការចូលរួម និងជាមេរៀនសម្រាប់អ្នកជំនាន់ក្រោយចងចាំ រៀនសូត្រ គោរពដឹងគុណអំពីស្ថាបនិក មគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា៕