សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទោះបីយន្តការការទូតមានតែ១% ក៏ត្រូវតែព្យាយាមឱ្យអស់លទ្ធភាព ដើម្បីបញ្ចៀសការបង្ហូរឈាម ជុំវិញជម្លោះព្រំដែនចេញផ្សាយ ថ្ងៃទី
AKP តាកែវ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦–សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ជុំវិញជម្លោះព្រំដែនជាមួយប្រទេសថៃ ដរាបណា យន្តការការទូតនៅតែអាចប្រើបាន ទោះ១% ក៏សម្តេចត្រូវតែព្យាយាមឱ្យអស់លទ្ធភាព ធ្វើយ៉ាងណា បញ្ចៀសការបង្ហូរឈាម និងការស្លាប់បាត់បង់អាយុជីវិត។
ក្នុងឱកាសអញ្ជើញ សម្ពោធគម្រោងសាងសងធនធានទឹកចម្រុះ ហ្វូណនតេជោ កំណាត់ទី២ នៅខេត្តតាកែវ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល មិនដែលភ្លេចបងប្អូនជនភៀសសឹកឡើយ ហើយផ្ទះបណ្តោះអាសន្ន មិនដូចផ្ទះដើម តែល្អជាងតង់ នៅវត្ត និងជំរុំភៀសសឹក ខណៈដែលជំរំភៀសសឹក មិនល្អ ប៉ុន្តែក្នុងអំឡុងពេលផ្ទុះអាវុធ ជំរំភៀសសឹក នឹងល្អជាងកន្លែងគ្រាប់ផ្លោង ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការដោះស្រាយ ដោយសន្តិវិធី គឺជាអ្វីដែលរាជរដ្ឋាភិបាលត្រូវធ្វើ ក្នុងការការពារអធិបតេយ្យភាពជាតិ ហើយជម្រើសដែលមិនបង្ហូរឈាម និងគ្រប់យន្តការ ក៏ដូចជាគ្រប់មធ្យោបាយទាំងអស់ តែអាទិភាពធំបំផុត គឺយន្តការមិនបង្ហូឈាម មិនស្លាប់ បើសិនជាយន្តការនេះ នៅមានសង្ឃឹម នៅក្នុងការដោះស្រាយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា«ខ្ញុំប្រាប់ទៀតថា បើសិនជាយន្តការការទូតនៅសល់តែ១% បើអាចដោះក៏ដោយ បើថាមិនទាន់បិទផ្លូវឬងាប់នោះទេ គឺខ្ញុំត្រូវតែព្យាយាមវាឱ្យអស់លទ្ធភាពសិន យើងមិនអាចបោះបង់ចោល យកជីវិតប្រជាពលរដ្ឋ យកទ្រព្យសម្បត្តិ យកការបំផ្លិចបំផ្លាញទៅ វាវេទនាណាស់រួចទៅហើយ ហើយវ៉ៃគ្នាមិនចប់ទេ សងទៅសងមក មិនចប់ទេ»។
បន្ថែមលើនេះ សម្តេចធិបតី បានថ្លែងថា ក្រៅពីយោធា នគរបាល អាវុធហត្ថ ដែលបានពលី និងរបួសលើសមរភូមិ ប្រជាជនស៊ីវិល ក៏រងរបួស និងស្លាប់ច្រើនដែរ៕



